ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងការ បរទស និងសហប្រតិបត្តិការអន្តរជាតិ ។

វិមាន៧មករា៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈ កម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានយុវជនគណបក្សក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ។
នៅក្នុងពិធីនោះដែរ មានការចូលរួមពីឯកឧត្តមអនុប្រធានគណ:ប្រចាំការ, ឯកឧត្តមសមាជិកគណប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគណបក្សក្រសួងការបរទេស, ឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងសមជិក សមាជិកាយុវជនគណបក្សក្រសួងសរុបប្រមាណ១៨០ រូប ។
បន្ទាប់ពីឯកឧត្តមអនុប្រធានយុវជនគណបក្ស អានរបាយការណ៍បូកសរុបរួចមក ឯឧត្តម រិន វីរៈប្រធានផ្នែកចាត់តាំង បានអានសេចក្តីសម្រេចស្តីពីការតែងតាំងលោកជំទាវ នេត ធីតាវិឈុណា ជា ប្រធានយុវជនគណបក្សក្រសួង និងការប្តេជ្ញាចិត្តរួចមក ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម ជុំ សុន្ទរី អនុប្រធានគណបក្សក្រសួង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន សមាជិគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់សមាជិក សមាជិកា ជាយុវជនក្រសួងការបរទេស ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានចែករំលែកនូវចំណេះដឹងមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិ សកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈរបស់គណបក្ស ចំពោះជាតិ និងប្រជាជន ចាប់តាំងពីថ្ងៃចាប់បដិសន្ធិឆ្នាំ១៩៥១ ជាពិសេសក្នុងរយះពេល៤៦ឆ្នាំកន្លងមកនេះ គិតចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩រហូតមក ។
ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានសត្រូវឈ្លានពានទឹកដី ឯកឧត្តមបណ្ឌិត ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស បានធ្វើការប្រកាស និងបញ្ជាក់ជំហរសារជាថ្មីម្តងទៀតថា គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី,យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះ ដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់យុវជនគណបក្សទាំងអស់ ទាំងក្នុង និងក្រៅប្រទេស មេត្តាបន្តជឿជាក់ និងទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពអ្វីដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេស កុំជឿ ឬ ចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហឹង្សា ដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិរបស់កម្ពុជាយើង ។

