ក្រុមជាតិនិយមថៃ បាននិងកំពុងជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិ ផ្តល់អំណាចដល់យោធា និងអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) ដឹកនាំការឆ្លើយតបចំពោះជម្លោះព្រំដែន

បរទេស៖ ក្រុមជាតិនិយមថៃ បាននិងកំពុងជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិ លោក ភូមិថាំ វេជ្យៈឆ័យ ផ្តល់អំណាចដល់យោធា និងអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) ដឹកនាំការឆ្លើយតបចំពោះជម្លោះព្រំដែន ដែលកំពុងឡើងកម្តៅខ្លាំងជាមួយកម្ពុជាវិញម្ដង។
ក្រុមជាតិនិយមថៃមួយក្រុម បានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍ទី៥ ខែមិថុនានេះ ដើម្បីជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិថាំ ពង្រឹងតួនាទី និងអំណាចយោធាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា ខណៈប្រជាជនថៃជ្រុលនិយមមួយក្តាប់តូចបានបង្ហាញក្ដីព្រួយបារម្ភថា លោក ភូមិថាំ អាចរងឥទ្ធិពល ដោយសារទំនាក់ទំនងរវាងគ្រួសារកាន់អំណាចនៃប្រទេសទាំង២។
បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ (STR) បានសម្រុកធ្វើបាតុកម្មឡាំប៉ានៅមុខក្រសួងការពារជាតិ ដោយអំពាវនាវឱ្យ លោក ភូមិថាំ ប្រគល់អំណាចយោធាឱ្យទៅក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ដ៏តានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃវិញ។ ក្រុមជាតិនិយមថៃទាំងនោះក៏បានសម្ដែងការព្រួយបារម្ភបន្ថែមទៀតផងដែរថា ទំនាក់ទំនងជិតស្និទ្ធិជាមួយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ជាមួយគ្រួសារនាយករដ្ឋមន្ត្រីថៃ អាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់លោក ភូមិថាំ។
ជាក់ស្តែង មេដឹកនាំក្រុមបណ្តាញនិស្សិត និងប្រជាជន ដើម្បីកំណែទម្រង់ប្រទេសថៃ លោក ភីឈីត ឆៃមង្គល បានរិះគន់រាជរដ្ឋាភិបាលថៃ ចំពោះភាពស្ងប់ស្ងាត់លើបញ្ហាព្រំដែន ខណៈរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអះអាងទាមទារលើទឹកដីដែលកំពុងមានជម្លោះ។
លោក ភីឈីត បានអះអាងថា កង្វះការឆ្លើយតបរបស់ប្រទេសថៃ បានធ្វើឱ្យភាគីកម្ពុជា មានប្រៀបជាងថៃលើប្រព័ន្ធនយោបាយ។ ដូច្នេះ យោធាថៃ គួរតែបញ្ជាក់ និងបង្ហាញពីសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ។
មេដឹកនាំបាតុកម្មខាងលើរូបនេះ ក៏បានអះអាងដែរថា៖«យោធាបានស្នើវិធានការដើម្បីដោះស្រាយស្ថានការណ៍ ដូចជាការបិទព្រំដែនជាមួយកម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលមិនអើពើឡើយ។ នេះមានន័យថា សំណើរបស់កងទ័ពមួយចំនួនត្រូវបានច្រានចោល»។
ជាចុងក្រោយ ក្រុមបាតុកម្មថៃ បានអំពាវនាវដល់មេទ័ពភូមិន្ទថៃ លោក ផៈណា ក្លែវប្ល៉តធុក ឱ្យចាត់វិធានការការពារទឹកដីថៃតាមព្រំដែនជាមួយកម្ពុជាវិញម្ដង។ នេះបើយោងតាមខ្លឹមសារចុះផ្សាយដោយការសែត The Nation៕
