ឯកឧត្តម សួស ប្រាថ្នា កត់សម្គាល់នូវកិច្ចការជាគន្លឹះចំនួន៤ចំណុច ដែលជាធាតុចូលសម្រាប់ពង្រឹងកិច្ចការគាំពារសង្គម និងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី គំនិតផ្តួចផ្តើមស្តីពីការដឹកនាំការផ្លាស់ប្តូរ ដើម្បីសកម្មភាពឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុនិងគាំពារសង្គម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើការកត់សម្គាល់នូវកិច្ចការជាគន្លឹះចំនួន៤ចំណុច ដែលជាធាតុចូលសម្រាប់ ពង្រឹងកិច្ចការគាំពារសង្គមនិងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ។
កិច្ចការជាគន្លឹះចំនួន៤ចំណុច ដែលជាធាតុចូលសម្រាប់ពង្រឹងកិច្ចការគាំពារសង្គមនិងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ មានដូចខាងក្រោម៖
១-ពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវតាមរយៈការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករផ្ទាល់ក្នុងការផ្តួចផ្តើម រៀបចំកសាងផែនការ ការផ្តល់សេវាចាំបាច់នានា និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស នៅពេលមានគ្រោះមហន្តរាយធម្មជាតិនានា។
២-ពង្រឹងនិងលើកកម្ពស់សមត្ថភាពនិងបញ្រ្ជាបការយល់ដឹងអំពីការបម្រែបម្រួលអាកាសធាតុជូនដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឆ្លើយតបនឹងវិបត្តិ ឬគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសាធាតុ។
៣-បង្កើននិងជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នៅទីជនបទដាច់ស្រយាល ការធ្វើវិភាគជន៍ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែច្រើន ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការរៀបចំ និងការអនុវត្តកិច្ចការនានាសម្រាប់ឆ្លើយតបនឹងតម្រូវការនៃកិច្ចគាំពារសង្គមនិងការបម្រែបម្រួលអាកាសធាតុ។
៤-ពង្រឹងកិច្ចសហការអន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ទាំងនៅកម្រិតជាតិនិងជាលក្ខណៈអន្តរជាតិ ដើម្បីរួមគ្នាគិតគួរឆ្លើយតបឱ្យកាន់តែល្អប្រសើរ បង្កើនការយល់ដឹង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងបង្កើនភាពស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ ដើម្បីឈានទៅអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលមានលក្ខណៈសមធម៌ ចីរភាព និងបរិយាបន្ន៕

