គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមណ្ឌលអប់រំកែប្រែទី១

ភ្នំពេញ៖ នៅរសៀល ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានទទួលស្វាគមន៍ លោកជំទាវ ឆាំ ម៉ារី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអមដំណើរចំនួន ០៣ រូប អញ្ជើញចុះមកពិនិត្យស្ថានភាពជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ដោយផ្តោតសំខាន់លើ ការគោរពសិទ្ធិសេរីភាពជនជាប់ឃុំនៅក្នុងពន្ធនាគារ ពិនិត្យសុខភាពការរស់នៅរបស់ជនជាប់ឃុំ របបអាហារ ការគោរពជំនឿសាសនា ការជួបសួរសុខទុក្ខសាច់ញាតិគ្រួសារ ការទទួលបាននូវសិទ្ធិផ្នែកច្បាប់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមណ្ឌល ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ១៣រូប។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានមណ្ឌល បានរាយការណ៍យ៉ាងលម្អិតអំពីស្ថានភាពទូទៅនៅក្នុងមណ្ឌល ការងារគ្រប់គ្រងជនជាប់ឃុំអនុវត្តទៅតាមច្បាប់ស្ដីពីពន្ធនាគារ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធនាគារ ការយកចិត្តទុកដាក់ខ្ពស់លើសុខភាពជនជាប់ឃុំ ការអប់រំ និងស្ដារនីតិសម្បទាជនជាប់ឃុំ ការអនុញ្ញាតឱ្យជនជាប់ឃុំគោរពជំនឿសាសនារបស់ខ្លួន និងផ្តល់របបអាហារដល់ជនជាប់ឃុំបានសមរម្យ មានជីវជាតិគ្រប់គ្រាន់ ការអនុញ្ញាតឱ្យជនជាឃុំជួបសួរសុខទុក្ខគ្រួសារ អង្គការ មេធាវី ស្ថានទូត ក្រៅពីនោះជនជាប់ឃុំក៏ទទួលបាននូវសិទ្ធិផ្នែកច្បាប់ពេញលេញផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំ គណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពសិទ្ធិសេរីភាពជនជាប់ឃុំ នៅតាមអគារឃុំជាក់ស្ដែង ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពបច្ចុប្បន្នរបស់ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១។

