សម្តេចធិបតី៖ កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កំណើនសមិទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។
ក្នុងឱកាសអញ្ជើញសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែង កត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវកាឡានុវត្តភាព និងលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនា ពោលគឺកត្តារីកចម្រើនមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវការសុខសន្តិភាពដើម្បីផ្តល់ឱកាសឱ្យមានការអភិវឌ្ឍមូលធនមនុស្ស ដូច្នេះការកសាងមូលធនមនុស្សនេះ ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការកំណត់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត ៕


