សម្ដេចធិបតី៖ បញ្ហាការវាស់ផ្ទៃដីក្រឡារបស់កម្ពុជាក៏ដូចជា នៅលើពិភពលោកក៏មានការប្រែប្រួលដែរ ដោយសារប្រព័ន្ធ នៃការគណនា និងកត្តាបច្ចេកទេស

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាការវាស់ផ្ទៃដីក្រឡារបស់ប្រទេសកម្ពុជាយើងក៏ដូចជា នៅលើពិភពលោកក៏មានការប្រែប្រួលពីការវាស់វែងផ្ទៃដីព្រំដែនដែរគឺដោយសារប្រព័ន្ធ នៃការគណនា និងកត្តាបច្ចេកទេស។
ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៧ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មាន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសអះអាងថា ផ្ទៃដីកម្ពុជាដែលមានប្រវែង ១៨១,០៣៥គីឡូម៉ែត្រការ៉េនោះ គឺមិនបានរាប់បញ្ចូលនូវកោះកម្ពុជាចំនួន៧១ និងផ្ទៃដីសមុទ្រដែលកំពុងមានបញ្ហាជាមួយប្រទេសជិតខាងនៅឡើយទេ ៕

