សម្ដេចធិបតី៖ ប្រាក់កម្ចីដែលកម្ពុជាខ្ចីបុលពីប្រភពមួយចំនួន គឺរាជរដ្ឋាភិបាលយកមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រាក់កម្ចីដែលកម្ពុជាខ្ចីបុលពីប្រភពមួយចំនួន គឺរាជរដ្ឋាភិបាលយកមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានាដែលមានដូចជា ស្ពាន និងផ្លូវជាដើម ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ចីទាំងនេះ គឺរាជរដ្ឋាភិបាលមិនយកមកប្រើខុសគោលដៅអភិវឌ្ឍន៍ ឬយកមកបើកប្រាក់ខែជូនមន្ត្រីរាជការ គ្រប់ប្រភេទនោះឡើយ។
សម្ដេចធិបតីបន្ថែមថា សព្វថ្ងៃប្រាក់ខែមន្ត្រីរាជការ គឺរដ្ឋាភិបាលយកចំណូល ដែលបានមកពីពន្ធនានាបើកជូនមន្ត្រីរាជការទាំងនោះ៕

