ឯកឧត្តម វង សូត ជួបសំណេះសំណាលក្នុងអង្គមេទិញជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ទូទាំងក្រុងសួង ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អម ដំណើរដោយ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ទូទាំងក្រុងសួង ក្នុងខេត្តត្បូងឃ្មុំ។
បន្ទាប់ពីលោក ងួន ប៊ុនណ្ណា អភិបាលក្រុងសួងបានធ្វើសេចក្តីរបាយការណ៍ពីសកម្មភាពស្នូលជុំ វិញក្រុង, សង្កាត់, និងភូមិសម្រេចបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន ក៏ដូចជាបញ្ហាប្រឈមនានារួចមក ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំរុញឱ្យបន្តនូវការខិតខំបន្ថែមទៀត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីក្ដាប់បាននូវចំណុចស្នូលជាមូលដ្ឋានពីសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន និងព្យាយាមដោះស្រាយដោះឱ្យបានទាន់ពេលវេលា។
ឯកឧត្តម វង សូត បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមការងារក្រុងសួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋ។
ឯកឧត្ដមមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបន្តវេនបានធ្វើឱ្យប្រទេសជាតិកាន់ តែមានការរីកចម្រើនជឿនលឿនគួរឱ្យកត់សម្គាល់ ដែលនឹងក្លាយទៅ ជាប្រទេសមានចំណូលមធ្យម និងខ្ពស់ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជម្រាបជូន អំពីលទ្ធផលសង្រា្កនឆ្នាំថ្មីនេះ ទទួលបានការអបអរសាទរសប្បាយរីករាយដោយសារប្រទេសជាតិមានសុខសន្តិភាព មានហេដ្ឋារនាសម្ព័ន្ឋផ្លូវជាតិល្អ និងមានមធ្យាបាយដ្វើដំណើរល្អ ប្រកបដោយសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ផងដែរអំពីតម្លៃនៃសុខសន្តិភាព ថា បើគ្មានសន្តិភាពទេនោះ គឹគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា “សន្តិភាព” និងការតម្កល់ “សន្តិភាព” ទុកជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ។
ជាចុងក្រោយ ឯកឧត្តម វង សូត បានឧបត្ថម្ភសម្ភារៈថវិកា ចែកជូនដល់សមាជិកសមាជិកាជាង២០០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភសាលាក្រុងសួងចំនួន ១លានរៀនផងដែរ ៕

