មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកោះកុង សូមធ្វើការបកស្រាយបំភ្លឺដល់សាធារណជន និងអង្គការ សង្គមស៊ីវិល ពិសេសបណ្ដាញផ្សព្វផ្សាយសង្គមដែលមានឈ្មោះ កោះកុងហតញូស៍ និង1post បានចុះផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះមានសមត្ថកិច្ចព្យាយាមចាប់ផ្លែសំរ៉ង និងបោកចោលជញ្ជីង របស់ប្រជាពលរដ្ឋ ជាការមិនពិតដូចការចុះផ្សាយនោះទេ។
មន្ទីរបរិស្ថានខេត្តកោះកុង សូមបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សក្នុងការចុះផ្សាយនេះ ពិតជាមន្រ្តីឧទ្យានុរក្ស និងមន្រ្តីកិច្ចសន្យានៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការ គាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការចុះល្បាតត្រួតពិនិត្យ និងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកោះកុង ដោយក្រុមការងារបានធ្វើ ការល្បាតដល់ចំណុចជ្រោះម្លូរ បានប្រទះឃើញមានម៉ូតូចំនួន១គ្រឿងចតនៅចិញ្ចើមផ្លូវ ក្រុមការងារមានការ សង្ស័យក៏បានចូលទៅធ្វើការត្រួតពិនិត្យ តែពេលចូលទៅដល់ក៏មានមនុស្សម្នាក់ ដើរចេញពីព្រៃមកដោយ អះអាងថានេះជាម៉ូតូរបស់គាត់ ពេលនោះ មន្រ្តីឧទ្យានុរក្សបានសួរថា ផ្លែសំរ៉ងខ្ចីបានមកពីណា គាត់និយាយថា ទិញពីគេ ហើយក្រុមការងារបានសួរគាត់បន្តទៀតថា តើការទិញផ្លែសំរ៉ងខ្ចីនេះ មានលិខិតអនុញ្ញាតដឹកជញ្ជូន ដែរអត់ គាត់មិនឆ្លើយតបនឹងសំណួររបស់ក្រុមការងារទេ និងមានការប្រើអាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ មកលើមន្ត្រីថែមទៀត គាត់ឆ្លើយថា ធ្វើបាបតែអ្នកក្រទិញផ្លែសំរ៉ងតិចតួច គេទិញគ្រប់គ្នាម៉េចបានមិនចាប់ និយាយបានប៉ុណ្ណឹង បុរសម្នាក់នោះឡើងជិះលើម៉ូតូ ចាក់សោរបម្រុងបើករត់គេច ក្រុមការងារធ្វើការឃាត់ឱ្យ និយាយគ្នាច្បាស់លាស់សិនក៏មានការប៉ះពាក្យសម្តីគ្នា និងប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ចបន្ថែមទៀត ពេលនោះមន្រ្តីឧទ្យានុរក្សលូកដៃលើកជញ្ជីងចេញពីម៉ូតូ ស្រាប់តែបុរសម្នាក់នោះបានច្រានមន្រ្តីឧទ្យានុរក្សឱ្យ ដួលបណ្ដាលឱ្យក្រវាត់ជញ្ជីងទៅខាងក្រោយ ហើយបុរសម្នាក់នោះបានលោតមករកវាយលើមន្ត្រីឧទ្យានុរក្សទៀត ប៉ុន្តែក្រុមការងារធ្វើការឃាត់គាត់ទាន់ពេល។ ភ្លាមៗនោះគាត់ក៏ទាញទូរស័ព្ទដៃមកថត ដោយចោទប្រកាន់មក លើសមត្ថកិច្ចថាបានព្រួតគ្នាវាយគាត់ និងអាងមានកាំភ្លើងគំរាមប្រជាពលរដ្ឋ ហើយគាត់បានយកវីដេអូរនោះ ទៅបង្ហោះក្នុងបណ្តាញផ្សព្វផ្សាយសង្គម។
មន្ទីរបរិស្ថានខេត្តកោះកុង សូមធ្វើការបដិសេធ ច្រានចោលការចោទប្រកាន់ទាំងស្រុងមកលើមន្តី ឧទ្យានុរក្សដែលជាអ្នកអនុវត្តច្បាប់ ដោយក្រុមការងារមិនបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងវាយគាត់ដូចការ ចោទប្រកាន់របស់គាត់នោះទេ៕

