ស្នងការនគរបាលខេត្តឧត្តរមានជ័យ ណែនាំដល់អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ ក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ លោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកទាំង១១។
ជាកិច្ចចាប់ផ្តេីមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមេសា ជូនអង្គប្រជុំ។
ជាមួយគ្នានោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាកុំឲ្យកេីតមានឡេីង។
បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រេីសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដេីម្បីសុំយោបល់ និងគោលការណ៍ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តមានប្រសាសន៍ថា អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ សំដៅធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត ជាពិសេសករណីក្មេងទំនើង ប្រសិនបើមានអនុវត្តច្បាប់ដោយគ្មានការយោគយល់ ៕

