នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអ្នកលេងបណ្តាញ សង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀលទៅព្រោះគ្មានអ្វីចំណេញនោះទេ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានលើកឡើងថា នៅពេលមានបញ្ហាអ្វីមួយយើងកុំប្ដឹង facebook យើងត្រូវដោះស្រាយគ្នាជជែកគ្នា ដោះស្រាយតាមសន្តិវិធី ចេះយោគយល់ដោះស្រាយអធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា ដើម្បីបង្កើតសមិទ្ធផលវិជ្ជមានជូនប្រទេសជាតិ៕

