សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីពលរដ្ឋបានផ្លូវប្រើប្រាស់កាន់តែច្រើន។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ”មានតម្លៃប្រមាណ១៣៣លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានស្នើដល់ក្រសួងសាធារណការ និងដឹកញ្ជូនកសាងផ្លូវប្រកបដោយគុណភាពថែទាំនិងជួសជុលឲ្យបានល្អនិងតភ្ជាប់តំបន់ឧស្សាហកម្មទេសចរណ៍និងតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងៗទៀតឲ្យបានច្រើន។
នៅក្នុងឱកាសនោះសម្ដេចធិបតី បានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់រវាងកំពង់ធំ និងក្រចេះ ព្រមទាំងមានផ្លូវជាច្រើនទៀតដែលត្រូវតភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ ដើម្បីតភ្ជាប់នៅទូទាំងប្រទេស ហើយសម្ដេចធិបតីក៏បានអំពាវនាវសូមកុំបន្ទោសរដ្ឋាភិបាលថា ធ្វើផ្លូវច្រើនដែលនាំ ឱ្យអ្នកបើកបរវង្វេងផ្លូវ៕

