កងទ័ពជើងទឹកអ៉ីរ៉ង់ រុស្ស៉ី ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នា នៅឆ្នេរសមុទ្ររបស់អ៉ីរ៉ង់

តេហេរ៉ង់៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យកន្លងទៅថា កងទ័ពជើងទឹកអ៉ីរ៉ង់ រុស្ស៉ី ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នា នៅឯឆ្នេរសមុទ្ររបស់អ៉ីរ៉ង់ក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។
ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ថា សមយុទ្ធនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងទីក្រុងកំពង់ផែ Chabahar ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៉ីរ៉ង់ លើឈូងសមុទ្រអូម៉ង់ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្តរហូតដល់ថ្ងៃណានោះទេ។
នាវាចម្បាំង និងនាវាអមការប្រយុទ្ធនៃកងទ័ពជើងទឹករបស់ចិន រុស្ស៉ី ក៏ដូចជានាវាចម្បាំងនៃកងនាវាចររបស់កងទ័ពជើងទឹក និងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានគេរំពឹងថានឹងចូលរួមដែរ។
សមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ហើយមានគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី រវាងប្រទេសដែលមកចូលរួម។ អាស៊ែបៃហ្សង់ អាហ្រ្វិកខាងត្បូង អូម៉ង់ កាហ្សាក់ស្ថាន ប៉ាគីស្ថាន កាតា អ៉ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម ស្រីលង្កា នឹងចូលរួមធ្វើជាអ្នកសង្កេតការណ៍។
គួរបញ្ជាក់ថា ប្រទេសទាំងបី ដែលមានបំណងដូចគ្នាក្នុងការប្រឆាំង ទៅនឹងអ្វីដែលពួកគេកំណត់ថាជាអនុត្តរភាពរបស់អាមេរិក បានរៀបចំសមយុទ្ធយោធារបៀបនេះ នៅក្នុងតំបន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ៕
