យានអវកាស Starship ខ្នាតយក្សរបស់ក្រុមហ៊ុន SpaceX ផ្ទុះក្នុងលម្ហអាកាស

វ៉ាស៊ីនតោន៖ យានអវកាស Starship ខ្នាតយក្សមួយរបស់ក្រុមហ៊ុន SpaceX បានផ្ទុះនៅក្នុងលម្ហអាកាស កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែមីនា ពោលគឺប៉ុន្មាននាទីបន្ទាប់ពីបានហោះចេញពីដីក្នុងរដ្ឋតិចសាស់ ខណៈឧប្បត្តិហេតុនេះបង្ខំឱ្យជើងហោះហើរមួយចំនួននៅរដ្ឋផ្លរីដា ផ្អាកការហោះហើរជាបណ្ណោះអាសន្ទ។ នេះគឺជាការបរាជ័យផ្ទួនៗរបស់មហាសេដ្ឋី អ៊ីឡុន ម៉ាស ក្នុងឆ្នាំនេះ លើកម្មវិធីរ៉ុក្កែត។
វីដេអូជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីកម្ទេចកម្ទីដ៏គ្រោះថ្នាក់ដែលកំពុងឆេះហោះពេញផ្ទៃមេឃ ធ្លាក់ស្រោចដូចភ្លៀងនៅជិតភាគខាងត្បូងរដ្ឋផ្លរីដា និងបាហាម៉ាស បន្ទាប់ពីយានអវកាស Starship ផ្ទុះក្នុងលម្ហអាកាសភ្លាមៗ។ ការបរាជ័យនៃការបាញ់បង្ហោះសាកល្បងយានអវកាស Starship លើកទី៨នេះ កើតឡើងត្រឹមតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីយានអវកាស Starship លើកទី៧ បញ្ចប់ដោយភាពបរាជ័យដូចគ្នា។
ប្រព័ន្ធរ៉ុក្កែតប្រវែង១២៣ម៉ែត្រ គឺជាផ្នែកមួយនៃផែនការរបស់លោក អ៊ីឡុន ម៉ាស ក្នុងការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារឱ្យបានឆាប់ក្នុងទសវត្សរ៍នេះ។ ក្រោយហេតុការណ៍ផ្ទុះនេះកើតឡើង រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានចេញសេចក្តីព្រមានឱ្យបញ្ឈប់ការហោះហើរភ្លាមៗនៅអាកាសយានដ្ឋាន Miami, Fort Lauderdale, Palm Beach និងOrlando ដោយសារតែកម្ទេចកម្ទីដ៏គ្រោះថ្នាក់បានផ្ទុះឆេះពេញលម្ហអាកាស ហើយធ្លាក់ចុះមកដី។ លើសពីនេះ រដ្ឋបាលអាកាសចរណ៍អាម៉េរិក កំពុងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
វាមិនច្បាស់ទេថា ភ្លាមៗតើការផ្ទុះនេះបណ្តាលមកពីប្រព័ន្ធបញ្ចប់ការហោះហើរស្វ័យប្រវត្តិរបស់ SpaceX ឬយ៉ាងណា? គួរជម្រាបថា កម្ទេចកម្ទីនៃយានអវកាសបានធ្លាក់លើកោះមួយចំនួននៅឯតំបន់ប្រជុំកោះ Caribbean និងបង្កការខូចខាតបន្តិចបន្តួចដល់រថយន្តនៅកោះ Turks និង Caico៕

