សភាពាណិជ្ជកម្មថៃ ជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការឆ្លើយតបចំពោះភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក

បាងកក៖ សភាពាណិជ្ជកម្មថៃ បានជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការឆ្លើយតបចំពោះភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។
សភាពាណិជ្ជកម្មថៃអះអាងពីភាពត្រឹមត្រូវនៃការភ័យស្លន់ស្លោរបស់ខ្លួន ចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ហើយបានជំរុញឱ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញជាបន្ទាន់នូវពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាម៉េរិក និងបង្កើនការនាំចូល ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយរដ្ឋធានីវ៉ាស៊ីនតោន ចំពេលមានជម្លោះពាណិជ្ជកម្មសកលកើនឡើង។
អនុប្រធានសភាពាណិជ្ជកម្មថៃ លោក ប៉ូច អារ៉ាមវឌ្ឍនាណុន បានប្រាប់សន្និសីទសារព័ត៌មានថា៖«ថ្ងៃនេះ ប្រសិនបើសួរថា តើយើងកំពុងភ័យស្លន់ស្លោចំពោះការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិកឬអត់? ច្បាស់ណាស់ យើងភ័យស្លន់ស្លោ ព្រោះប្រទេសនេះជាទីផ្សារនាំចេញលេខមួយរបស់យើង។ ពេលវេលាគឺខ្លីណាស់។ ប្រសិនបើយើងមិនប្រញាប់ឆ្លើយតបជាផ្លូវការចំពោះអ្វីដែលកំពុងកើតឡើងនោះ យើងនឹងជួបបញ្ហា។ យើងត្រូវតែត្រៀមខ្លួន និងឆ្លើយតបដោយត្រឹមត្រូវ»។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីខែមុនបានចុះហត្ថលេខាលើអនុស្សរណៈពាណិជ្ជកម្មទូលំទូលាយមួយ ដោយបញ្ជាឱ្យទីភ្នាក់ងារសហព័ន្ធបញ្ចប់ការពិនិត្យឡើងវិញលើបញ្ហាពាណិជ្ជកម្មជាច្រើនត្រឹមថ្ងៃទី១ ខែមេសា រួមទាំងការវិភាគអំពីឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកជាប់លាប់។ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន១៨,៣ភាគរយនៃការនាំចេញសរុប ឬ៥៤,៩៦ពាន់លានដុល្លារ។
យោងតាមក្រសួងពាណិជ្ជកម្ម ថៃ មានអតិរេកពាណិជ្ជកម្មកាលពីឆ្នាំមុនចំនួន៣៥,៤ពាន់លានដុល្លារជាមួយសហរដ្ឋអាម៉េរិក។ សភាពាណិជ្ជកម្មបានស្នើសុំឱ្យរាជរដ្ឋាភិបាលបង្កើតក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយបញ្ហាគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដោយបន្ថែមថា ប្រទេសថៃអាចនាំចូលថាមពល និងផលិតផលកសិកម្មកាន់តែច្រើន ព្រមទាំងយន្តហោះពីសហរដ្ឋអាម៉េរិក ដើម្បីបង្រួមគម្លាតពាណិជ្ជកម្ម៕

