ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណភ្នំទែតក្នុង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
សូមជម្រាបថា៖ សមិទ្ធផលនាថ្ងៃនេះ រួមមាន៖មហាកុដិ សាលាសំណាក់ រូបសំណាក និងផ្លូវបេតុង។ វត្តនេះ មានប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ ចាប់តាំងពីឆ្នាំ ១៩០៩។ ក្នុងរបបខ្មែរក្រហម វត្តនេះត្រូវបានគេប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារ ត្រូវបានរុះរើធ្វើជាសរសរស្ពាន និងទំនប់ស្ទឹង។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ នោះទេ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្តថា ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យើងបានរំដោះកម្ពុជាចេញពីរបបខ្មៅងងឹត ហើយស្វែងរកសន្តិភាពពេញលេញជូនជាតិ។ វត្តអារាម ត្រូវបានរៀបចំឡើងវិញ និងបន្តអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ទោះបីក្រុមជ្រុលនិយមមួយចំនួនតូច តែងតែលាបពណ៌ ភូតកុហុក និងបំប៉ោងព័ត៌មានជាដើមក៏ដោយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបេ្តជ្ញាអនុវត្តគោលការណ៍ និងមាគ៌ាគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម រួមសុខរួមទុក្ខជាមួយប្រជាជន និងលើកស្ទួយជីវភាពប្រជាជនឱ្យរីកចម្រើនទៅមុខ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាកថវិកា ចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាមជាបន្តបន្ទាប់ និងសូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ចូលរួមយ៉ាងសកម្ម ក្នុងចលនាភូមិឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាពជូនប្រជាជន ៕

