សម្ដេចធិបតី ផ្ដល់គោលការណ៍ឲ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីបញ្ចប់ស្ដង់ដាពីរនៅក្នុងវិស័យអប់រំរបស់រដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គោលការណ៍ឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើបដើម្បីបញ្ចប់ស្ដង់ដាពីរនៅក្នុងវិស័យអប់រំរបស់រដ្ឋ និងដើម្បីកុំឱ្យបាត់ម្ចាស់ការលើការអប់រំរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥” នាថ្ងៃទី២៦ ខែកុម្ភៈនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រសួងអប់រំ បន្តពង្រឹងវិស័យអប់រំគ្រប់កម្រិត ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពគាំទ្រដល់វិស័យអប់រំដើម្បីឱ្យមូលធនមនុស្សកម្ពុជា មានសមត្ថភាព មានគុណវុឌ្ឍិ ក្នុងការជួយដល់ប្រទេសជាតិ។
សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ថា នៅក្នុងការសរសេរគោលនយោបាយ, ក្រសួង ស្ថាប័ននានាត្រូវរៀបចំឱ្យសាមញ្ញ និងចំគោលដៅ ជៀសវាងសរសេរច្រើនរយទំព័រ តែការអនុវត្តបានតែ ២ ឬ ៣ ចំណុចដែលសំខាន់ ៕

