ខួប៣ឆ្នាំ នៃសង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្សល់ទុកនូវជនពិការភាព ខណៈសមរភូមិសង្គ្រាមបានប្រែក្លាយជាភ្នំឆ្អឹងស្ទឹងឈាម និងភាពអស់សង្ឃឹម

កៀវ៖ នៅថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺគម្រប់ខួប៣ឆ្នាំនៃភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី-អ៊ុយក្រែន ទន្លឹមនឹងអណ្តាតភ្លើងសង្គ្រាមមច្ចុរាជនេះ បាននិងកំពុងឆាបឆេះរាលចូលដល់ឆ្នាំទី៤ ខណៈខ្នងបង្អែកលើសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន គឺសហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ដូចពន្លឺអំពិលអំពែក ស្របពេលយោធាអ៊ុយក្រែនព្យាយាមប្រយុទ្ធប្រឆាំង ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ខ្មាំងសត្រូវដូចភ្លៀងរលឹម និងឥតឈប់ឈរ។
សង្គ្រាមនៅអឺរ៉ុបខាងកើតរវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យមនុស្សម្នារជាច្រើនស្លាប់ និងបន្សល់ទុកនូវជនពិការភាព ស្ត្រីមេម៉ាយ ក្មេងកំព្រា និងភាពអស់សង្ឃឹម ខណៈសមរភូមិសង្គ្រាមបានប្រែក្លាយទៅជាភ្នំឆ្អឹងស្ទឹងឈាម និងភាពអស់សង្ឃឹម។ យ៉ាងណា មេដឹកនាំអឺរ៉ុបជាច្រើនត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវដើម្បីរំលឹកខួបនៃជម្លោះបង្ហូរឈាម ដែលបានឆាបឆេះឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ បានស្លាប់ចោលឆ្អឹងក្នុងសមរភូមិ និងជាង ៦លាននាក់រស់នៅជាជនភៀសខ្លួននៅបរទេស ចាប់តាំងពីបុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យមានការឈ្លានពានតាមផ្លូវគោក ផ្លូវសមុទ្ទ និងផ្លូវអាកាសលើអ៊ុយក្រែន។ សោកនាដកម្មបានប៉ះពាល់ដល់គ្រួសារអ៊ុយក្រែន ខណៈពិធីបុណ្យសពយោធាបានក្លាយជារឿងធម្មតាទៅហើយនៅក្នុងទីក្រុងធំៗ និងភូមិដ្ឋាននានាក្នុងប្រទេសអ៊ុយក្រែន ស្របពេលមនុស្សជាច្រើនរស់នៅទាំងភាពភ័យខ្លាច។
កងទ័ពអ៊ុយក្រែនឱបអាវុធធ្វើសង្គ្រាមជាមួយសត្រូវ[រុស្ស៊ី] ដូចភ្លៀងរលឹម ខណៈជំនួយយោធាដ៏សំខាន់របស់សហរដ្ឋអាម៉េរិក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ក្រោយការរះឡើងសាជាថ្មីនៃវត្តមានលោក ដូណាល់ ត្រាំ។ យ៉ាងណា វាមិនច្បាស់ទេថា តើសម្ព័ន្ធមិត្តអឺរ៉ុបអាចបំពេញចន្លោះប្រហោងយោធាដល់អ៊ុយក្រែនបានទេ ប្រសិនបើគ្មានគាំទ្រពីសហរដ្ឋអាម៉េរិក? ខ្លឹមសារសំខាន់នៃកិច្ចចរចាការទូត គឺកំពុងស្ថិតនៅក្នុងអន្តរកាល ដោយសារតែ លោក ត្រាំ ប្រកាសជួយអ៊ុយក្រែន ល្កឹកណាអតីតតារាកំប្លែងហ្សេឡេនស្គី ស៊ីញ៉េលើកិច្ចព្រមព្រៀងប្រគល់រ៉ែកម្ររបស់ខ្លួនដល់សហរដ្ឋអាម៉េរិក។ យ៉ាងណា អ៊ុយក្រែនបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រាង ដោយប្រកែកថា វាមិនមែនជាផលប្រយោជន៍របស់អ៊ុយក្រែន និងមិនមានការធានាសុវត្ថិភាពពិតប្រាកដនោះទេ។ ជាក់ស្តែង លោក ហ្សេឡេនស្គី អះអាងថា លោកសុខចិត្តបោះបង់តំណែងប្រធានាធិបតី ដើម្បីដោះដូរសន្តិភាព និងសមាជិកភាពរបស់អ៊ុយក្រែននៅអង្គការណាតូ។
គេនៅចាំបានថា លោក ដូណាល់ ត្រាំ បានស្តីបន្ទោស លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីសប្តាហ៍មុនថា ជា«ជនផ្តាច់ការ» ខណៈមេដឹកនាំអ៊ុយក្រែនបានប្រតិកម្មថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក កំពុងបង្កើតពពុះព័ត៌មានមិនពិត។ លើសពីសង្គ្រាមពាក្យសម្តី មន្ត្រីអាម៉េរិកបានបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយភាគីរុស្ស៊ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន ដោយទាត់អ៊ុយក្រែន និងសហភាពអឺរ៉ុប ចេញពីកិច្ចចរចាសន្តិភាពនេះ ធ្វើឱ្យរដ្ឋធានីកៀវ និងអឺរ៉ុប ក្ដៅស្លឹកត្រចៀកជាខ្លាំង។ ក្រោយមក ដើម្បីជាការលួងចិត្តអ៊ុយក្រែន រដ្ឋធានីវ៉ាស៊ីនតោនបានចោទរុស្ស៊ីថា ជា«អ្នកឈ្លានពានអ៊ុយក្រែនមុន» ហើយប្រកាសការពាររដ្ឋកម្សត់មួយនេះ ពីចង្កូមខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ី[រុស្ស៊ី] ជាថ្នូរកិច្ចព្រមព្រៀងរ៉ែកម្រជាមួយរដ្ឋធានីកៀវ៕

