មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ តំបន់ការពារធម្មជាតិ មិនត្រឹមតែរក្សាធនធានជីវចម្រុះ និងព្រៃឈើនោះទេ គឺយើងរក្សាសម្បត្តិវប្បធម៌ និងទីតាំងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា តំបន់ការពារធម្មជាតិរបស់យើងការថែរក្សាបានមិនត្រឹមតែធនធានជីវចម្រុះ ឬក៏សត្វព្រៃ និងព្រៃឈើនោះទេ គឺយើងរក្សាសម្បត្តិវប្បធម៌ និងទីតាំងប្រវត្តិសាស្ត្រ ដូចជាទីតាំងបុរាណស្ថាននានាដែលមាននៅក្នុងតំបន់ការពារធម្មជាតិរបស់យើងផងដែរ។
ក្នុងដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មានជាង២០ស្ថាប័ន ទៅកាន់សហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ជាក់ស្តែងយើងឃើញនៅតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនេះ គឺយើងឃើញមានប្រាសាទបុរាណដែលស្ថិតនៅក្នុងចំណោមតំបន់ប្រាសាទកោះកេរក៏មានទីតាំងវប្បធម៌មួយចំនួនដែលយើងត្រូវការពារយ៉ាងដាច់ខាត។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការការពារធនធានធម្មជាតិនេះ ក៏មិនអាចធ្វើតែក្រសួងបរិស្ថានបានទេ ប៉ុន្តែត្រូវការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានបញ្ជាការកងឯកភាព នៃខេត្តដែលមានតំបន់ការពារធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។ ដូច្នេះយើងត្រូវសហការគ្នា ជាពិសេសការលើកកម្ពស់ជីវភាពប្រជាសហគមន៍របស់យើង ហើយក្រសួងបរិស្ថានបានគិតគូរចំពោះការលើកកម្ពស់ជីវភាពសហគមន៍សំខាន់ កន្លងមកយើងយើងបានផ្ដល់នូវពូជសត្វជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ចិញ្ចឹម ព្រមទាំងពូជបន្លែ និងការបណ្តុះបណ្តាលជំនាញផ្សេងទៀត។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថានបានសហការជាមួយដៃគូផ្សេងៗដើម្បីពង្រឹងសមត្ថភាពពួកគាត់ធ្វើការអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដែលនៅក្នុងនោះសហគមន៍ណាដែលមានសក្ដានុពលផ្នែកទេសចរណ៍ធម្មជាតិ ឬក៏ធនធានធម្មជាតិ និងទេសភាពស្អាតៗ គឺយើងជំរុញឱ្យពួកគាត់បង្កើតនូវសេវាកម្មទេសចរណ៍ធម្មជាតិដើម្បីបង្កើននូវចំណូលរបស់ពួកគាត់ផងដែរ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្តថា ជាក់ស្តែងដូចនៅក្នុងសហគមន៍សំបូរអភិវឌ្ឍន៍ដែលមានទីតាំងស្ថិតនៅតំបន់ការពារធម្មជាតិដែលសម្បូរទៅដោយតំបន់បុរាណស្ថាន ក៏ដូចជាធនធានធម្មជាតិផងនោះ ជាពិសេសមានសត្វកម្រជាច្រើនដូចជា៖ ទាព្រៃស្លាបស ជាប្រភេទសត្វដែលកំពុងរងគ្រោះជិតផុតពូជនៅបញ្ជីក្រហម (IUCN) ក៏មានវត្តមាននៅទីនេះដែរ ហើយនៅទីនេះអ្នកទេសចរណ៍អាចមកទស្សនាបាន។
ឯកឧត្តមបានគូសបញ្ជាក់ថា សក្ដានុពលធនធានធម្មជាតិនេះ នឹងធ្វើឲ្យជីវភាពសហគមន៍អាចរកចំណូលបានបន្ថែមទៀតពីទេសចរណ៍ធម្មជាតិ ៕

