សម្ដេចធិបតី បន្តណែនាំក្រសួងប្រៃសណីយ៍ ពិនិត្យមើលតាមបុរីដែលមានបញ្ហាខ្សោយសេវាទូរស័ព្ទ ត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបន្តគិតគូរ ពិនិត្យមើលនៅតាមបុរីដែលមានបញ្ហាខ្សោយសេវាទូរស័ព្ទហើយត្រូវដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៦ កុម្ភៈនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សាធារណជនទាំងអស់ កុំឲ្យមានការព្រួយបារម្ភចំពោះផលប៉ះពាល់ ពីឥទ្ធិពលរបស់អង់តែនទូរស័ព្ទអី។
សម្ដេចធិបតីបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងថា មិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបង្ហាញឱ្យឃើញថា ការប្រើប្រាស់ទូរសព្ទ និងបង្គោលអង់តែនទូរសព្ទ បានបង្កផលប៉ះពាល់ដល់សុខភាពមនុស្សនោះឡើយ ៕

