អភិបាលខេត្តកណ្តាល ណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននិងផ្នែកសេវាកម្មទេសចរណ៍ រក្សាតម្លៃលក់ឱ្យបានសមរម្យ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម

ភ្នំពេញ៖ អភិបាលខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន បានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃលក់ឱ្យបានសមរម្យ ក្នុងនោះ ត្រូវមានសេវាកម្ម និងអនាម័យល្អសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកកម្សាន្ត នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ឯកឧត្ដម គួច ចំរើន ក៏បានដាស់តឿនដល់មន្ទីរ អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។
ឯកឧត្ដមអភិបាលខេត្តកណ្តាល ណែនាំទៀតថា ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហើយហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។
ជាមួយគ្នានោះឯកឧត្ដម គួច ចំរើន ក៏បានអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្តកណ្តាល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងខេត្តកណ្តាល៕

