សាលាដំបូងខេត្តបន្ទាយមានជ័យ ប្រកាសពីចំណាត់ការសំណុំរឿងក្មេងទំនើង ដែលមានជនត្រូវចោទ ៩នាក់

ភ្នំពេញ៖ សាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការសំណុំរឿងក្មេងទំនើង ដែលមានជនត្រូវចោទចំនួន ៩នាក់ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ១៣៨ ចុះថ្ងៃទី២៥ ៥ ខែមករា ឆ្នាំ២០២៥ ដែលទាក់ទងនឹងក្មេងទំនើងចំនួន ០៩នាក់មានដូចជា៖
១.ឈ្មោះ អ៊ុក ច័ន្ទដារារតនៈ ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន) ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនីត្យពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានចែងតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
២.ឈ្មោះ លាង គឹមឡុង ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន), ៣.ឈ្មោះ សាម៉េត រតនា ៤.ឈ្មោះ លាង ណារីន ហៅ ពៃ ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន), ៥.ឈ្មោះ រិន ភារៈ ភេទប្រុស អាយុ១៥ឆ្នាំ (មានខ្លួន), ៦.ឈ្មោះ សួង ឈិម៉ា ភេទប្រុស អាយុ២០ឆ្នាំ (មានខ្លួន), ៧.ឈ្មោះ ផែង លីម៉េង ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន) ភេទប្រុស អាយុ១៩ឆ្នាំ (មានខ្លួន) ៨.ឈ្មោះ យិ ភេទប្រុស អាយុ១៨ឆ្នាំ (គ្មានអត្តសញ្ញាណ), ៩.ឈ្មោះ អៀង ភេទប្រុស អាយុ១៨ឆ្នាំ (គ្មានអត្តសញ្ញាណ) ។ ជនត្រូវចោទទាំង៨នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មាន ចែងតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។
អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាក់ថាចំពោះករណី ខាងលើនេះបង្កឡើងដោយ ក្មេងទំនើងមានគ្នាចំនួន ០៩នាក់។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួល ការរាយការណ៍ថាមានក្មេងទំនើងប្រមូលផ្តុំគ្នា នៅចំណុចបន្ទប់ជួលផ្តុំនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះ ទៅកន្លែងកើតហេតុដោយបានឃាត់ខ្លួនជន សង្ស័យចំនួន ០៧ នាក់ខាងលើ ព្រមទាំងបានដកហូតកាំបិតផ្គាក់ចំនួន ០៤ដើម និងកាំបិតច្នៃចំនួន ០២ដើម ដំបឹងទីប ចំនួន០១ ។ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងខ្លួនជនសង្ស័យ ជាលទ្ធផលឈ្មោះ អ៊ុក ច័ន្ទដារា រតនៈ វិជ្ជមាន ។ ក្រោយពីសួរចម្លើយឈ្មោះ ផែន លីម៉េង ឆ្លើយថា កាំបិត និងដែកទីប ដែលដកហូតបាននោះ គឺមានរបស់ ឈ្មោះ យិ និងឈ្មោះ អៀង ដែរ ។
បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទទាំង ០៧នាក់រួច និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿងចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ១៣១,១៣២ ១៣៣,១៣៤,១៣៥,១៣៦,១៣៧ ព្រទ.III-ច/២៥ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ រីឯជនត្រូវចោទទាំង០២នាក់ ដែលគ្មានអត្តសញ្ញាណ ចៅក្រមស៊ើបសួរបានចេញដីកាស្រាវជ្រាវសាវតាជាតិ ដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

