មហាសេដ្ឋី មីឆែល ប្លូមប៊ឺក ប្រកាសថា មូលនិធិរបស់លោកនឹងឈានជើងចូលផ្តល់មូលនិធិដល់ស្ថាប័នអាកាសធាតុអង្គការសហប្រជាជាតិ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស

វ៉ាស៊ីនតោន៖ មហាសេដ្ឋី មីឆែល ប្លូមប៊ឺក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាថា មូលនិធិរបស់លោកនឹងឈានជើងចូលផ្តល់មូលនិធិដល់ស្ថាប័នអាកាសធាតុអង្គការសហប្រជាជាតិ (អ.ស.ប.) បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីសជាលើកទីពីរ។
អន្តរាគមន៍របស់លោក ប្លូមប៊ឺក មានគោលបំណងធានាឱ្យអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ហៅកាត់ថា UNFCCC នៅតែទទួលបានមូលនិធិយ៉ាងពេញលេញ បើទោះបីជាសហរដ្ឋអាម៉េរិកបញ្ឈប់ការរួមចំណែករបស់ខ្លួនក៏ដោយ។ជាធម្មតា រដ្ឋធានីវ៉ាស៊ីនតោនផ្តល់២២ភាគរយនៃថវិកាសរុប ខណៈការចំណាយប្រតិបត្តិការរបស់ UNFCCC សម្រាប់ឆ្នាំ២០២៤-២០២៥ ត្រូវបានព្យាករថាមានចំនួនដល់ទៅ៩៦,៥លានដុល្លារ។
លេខាធិការដ្ឋាន មានភារកិច្ចគាំទ្រការឆ្លើយតបជាសាកល ចំពោះការគំរាមកំហែងអាកាសធាតុ និងរៀបចំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP30 នឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា។ លោក ប្លូមប៊ឺក ជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីមហិច្ឆតា និងដំណោះស្រាយអាកាសធាតុ។
នេះ ជា លើក ទី ពីរ ដែលលោក ប្លូមប៊ឺក អតីត អភិបាលក្រុង ញូវយ៉ក បាន ឈាន ជើង ចូល ទៅ បំពេញ ចន្លោះ ដែល បន្សល់ ទុក ដោយ ការ ផ្តាច់ខ្លួន របស់ សហព័ន្ធ អាម៉េរិក។ នៅឆ្នាំ២០១៧ បន្ទាប់ពីការដកខ្លួនជាលើកដំបូងរបស់រដ្ឋបាលរបស់លោក ត្រាំ ពីកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីស លោក ប្លូមប៊ឺក បានសន្យាទឹកប្រាក់ប្រមាណ១៥លានដុល្លារអាម៉េរិក ដើម្បីគាំទ្រ UNFCCC។
លោកក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើម«ការសន្យារបស់អាម៉េរិក» ដើម្បីតាមដាន និងរាយការណ៍ពីការប្តេជ្ញាចិត្តលើបញ្ហាអាកាសធាតុរបស់សហរដ្ឋអាម៉េរិក ដោយធានាថា ពិភពលោកអាចតាមដានវឌ្ឍនភាពរបស់សហរដ្ឋអាម៉េរិក។
លោក ស៊ីម៉ុន ស្ទីល (Simon Stiell) ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា៖«ការរួមចំណែកបែបនេះ មានសារសំខាន់ក្នុងការធ្វើឱ្យលេខាធិការដ្ឋានទទួលបន្ទុកការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ជួយដល់ប្រទេសនានា ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ពួកគេក្រោមកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីស»។
ជាមួយគ្នានោះ លោកស្រី ឡូរ៉ែន ធូប៊ីណា (Laurence Tubiana) ស្ថាបត្យករ នៃកិច្ចព្រមព្រៀងអាកាសធាតុរដ្ឋធានីប៉ារីស បាននិយាយថា៖«ការបរិច្ចាគដ៏សប្បុរសរបស់លោក ប្លូមប៊ឺក និងអនុញ្ញាតឱ្យពិភពលោករក្សាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមជាមូលដ្ឋានរបស់យើង ដែលគ្មានប្រទេសណាអាចដោះស្រាយតែម្នាក់ឯងបានឡើយ»។
គួររំឭកថា លោក ត្រាំ កាលពីថ្ងៃចន្ទបានប្រកាសពីការដកខ្លួនរបស់សហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីស ដែលគ្រប់គ្រងដោយស្ថាប័នប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ប្រមូលផ្តុំប្រទេសស្ទើរតែទាំងអស់នៃពិភពលោក ហើយមានបំណងរក្សាការកើនឡើងសីតុណ្ហភាពជាមធ្យមពិភពលោក ក្រោមកម្រិតជាក់លាក់មួយ។
លោកប្រធានាធិបតីក៏បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិដកសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក ដែលរដ្ឋធានីវ៉ាស៊ីនតោនបានរួមចំណែក១៦ ,៣ភាគរយនៃការចំណាយសរុបចំនួន៧,៨៩ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២-២០២៣៕

