ភ្លើងឆេះព្រៃថ្មីមួយទៀត ឆាបឆេះនៅភាគខាងជើងទីក្រុងឡូសអេនជឺលេស បង្ខំឱ្យមនុស្សជាង ៣១០០០នាក់ជម្លៀសខ្លួន

កាលីហ្វ័រញ៉ា៖ ភ្លើងឆេះព្រៃថ្មីមួយទៀត បានឆាបឆេះឡើងនៅភាគខាងជើងនៃទីក្រុងឡូសអេនជឺលេស ដោយបានរីករាលដាលយ៉ាងឆាប់រហ័សដល់ផ្ទៃដីជាង៩៤០០ ហិកតា បង្កឡើងដោយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត បង្ខំឱ្យមនុស្សជាង ៣១០០០នាក់ជម្លៀសខ្លួនចេញពីតំបន់រងការបំផ្លាញ។
អណ្តាតភ្លើងបានឆាបឆេះលើតំបន់ដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងឡូសអេនជឺលេស ជាតំបន់ដែលរងគ្រោះដោយអណ្តាតភ្លើងធំបំផុតកាលពីពេលថ្មីៗ។
ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ អណ្តាតភ្លើងថ្មីបានកើនឡើងដល់២ភាគ៣នៃទំហំរបស់អណ្តាតភ្លើង Eaton ដែលជាអណ្តាតភ្លើងដ៏ធំមួយ បានបំផ្លាញតំបន់ឡូសអេនជឺលេសស្ទើរតែទាំងមូល។
ក្រុមមន្ត្រីបានព្រមានប្រជាជននៅតំបន់ Castaic Lake ថា ពួកគេប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិតភ្លាមៗ ខណៈភាគច្រើននៃរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង នៅតែស្ថិតនៅក្រោមការព្រមានទង់ក្រហមសម្រាប់ហានិភ័យភ្លើងឆេះខ្លាំង ដោយសារតែខ្យល់ខ្លាំង និងអាកាសធាតុស្ងួត។
ប៉ូលិសប្រចាំតំបន់ឡូសអេនជឺលេស លោក រ៉ូប៊ឺត លូណា (Robert Luna) បានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្សប្រហែល៣១០០០នាក់ ស្ថិតនៅក្រោមការបញ្ជាជម្លៀសជាដាច់ខាត ខណៈមនុស្សជាង២៣០០០នាក់ផ្សេងទៀតប្រឈមមុខនឹងការព្រមានឱ្យជម្លៀសខ្លួនដូចគ្នា។
នាយកដ្ឋានព្រៃឈើ និងការពារភ្លើង ឆេះព្រៃ នៃរដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងថា ជាលទ្ធផលនៃការព្រមានទង់ក្រហម អ្នកពន្លត់អគ្គិភ័យប្រហែល១១០០នាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។
លោក អាន់តូនី ម៉ារ៉ុន (Anthony Marrone) ប្រធានផ្នែកពន្លត់អគ្គិភ័យនៃទីក្រុងឡូសអេនជឺលេស និយាយថា អ្នកពន្លត់អគ្គិភ័យជាង៤០០០នាក់កំពុងព្យាយាមពន្លត់អណ្តាតភ្លើង។
រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង មិនមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេល៩ខែ ធ្វើឱ្យវាងាយស្រួលឆាបឆេះ ប៉ុន្តែតំបន់នេះត្រូវបានព្យាករថានឹងទទួលបានទឹកភ្លៀងពីថ្ងៃសៅរ៍ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលអាចជួយសម្រួលដល់អ្នកពន្លត់អគ្គិភ័យ។ ផ្លូវអន្តររដ្ឋទី៥ដែលជាផ្លូវហាយវេខាងជើងទៅខាងត្បូងដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ត្រូវបានបិទជាបណ្តោះអាសន្ន ដោ យសារតែផ្សែងអ័ព្ទ។
គួររំឭកថា អគ្គិភ័យកាលពីពេលថ្មីៗនេះបានដុតបំផ្លាញផ្ទៃដីទំហំជិតស្មើទំហំរដ្ឋធានីវ៉ាស៊ីនតោន ដោយបានសម្លាប់មនុស្ស ២៨នាក់ និងបង្កការខូចខាត ឬបំផ្លាញរចនាសម្ព័ន្ធជិត១៦០០០ខ្នង។ អ្នកព្យាករឯកជន AccuWeather ព្យាករថា ការខូចខាត និងការខាតបង់សេដ្ឋកិច្ចមានជាង២៥០ ពាន់លានដុល្លារ៕

