ផ្លូវទៅកាន់ឯករាជ្យភាពរបស់ប៉ាឡេស្ទីន គឺស្ថិតនៅឆ្ងាយដូចជើងមេឃ

បរទេស៖ ផ្លូវទៅកាន់ឯករាជ្យភាពរបស់ប៉ាឡេស្ទីន គឺស្ថិតនៅឆ្ងាយដូចជើងមេឃ ជាមួយនឹងបញ្ហាដ៏ស្មុគស្មាញ ពោរពេញដោយបញ្ហាប្រឈម និងឧបសគ្គរាប់សិបជំពូក ទោះបីប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់អធិបតេយ្យភាពដោយប្រទេសចំនួន១៤៦ ដែលស្មើនឹង៧៥ភាគរយនៃរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិក៏ដោយ។
បើទោះបីជាប៉ាឡេស្ទីនមិនបានគ្រប់គ្រងពេញលេញលើទឹកដីរបស់ខ្លួន ដោយសារតែការអង្គៀមទាមទារច្បាមយករបស់អ៊ីស្រាអែលក៏ដោយ ក៏រដ្ឋកម្សត់នៅមជ្ឍឹមបូព៌ាមួយនេះនៅតែតាំងជំហរ នឹងស្រែកបំប៉ោងសំឡេងទៅកាន់ពិភពលោកជាមួយក្ដីសង្ឃឹមថា «ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ»។
តាមពិតទៅ ទឹកដីតែមួយឈ្មោះពីរនេះ បានហែកខ្លួ នដាច់ចេញពីគ្នា ដោយមួយមានឈ្មោះថា រដ្ឋជ្វីហ្វ (អ៊ីស្រាអែល) និងរដ្ឋអារ៉ាប់ (ប៉ាឡេស្ទីន)។ ប៉ាឡេស្ទីន គឺស្ថិតនៅក្នុងចំណោមអតីតទឹកដីនៃចក្រភពអូតូម៉ង់ ធ្លាប់នៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩២២ ខណៈដែនដីទាំងអស់នោះនៅទីបំផុតបានក្លាយជារដ្ឋឯករាជ្យទាំងស្រុង លើកលែងតែប៉ាឡេស្ទីនមួយគត់។ ចន្លោះឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤៧ ជំនន់ជនចំណាកស្រុកជនជាតិជ្វីហ្វទ្រង់ទ្រាយធំ បានធ្វើដំណើរចាកចេញពីតំបន់អឺរ៉ុបខាងកើត សម្រុករុលចូលស្ទើរគ្រប់ច្រកល្ហកនៃដែនដីមួយនេះ [ទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីនសព្វថ្ងៃ] ជួនចំពេលនៃការទាមទារឯករាជ្យរបស់រដ្ឋអារ៉ាប់ (ប៉ាឡេស្ទីនសព្វថ្ងៃ) និងជំនន់ជនអន្តោប្រវេសន៍ឆ្នាំ១៩៣៧ បាននាំឱ្យរដ្ឋជ្វីហ្វ និងអារ៉ាប់ បង្កាត់ភ្លើងសង្គ្រាមជាមួយគ្នារហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងអ៊ីស្រាអែល ច្បាមយកទឹកដីមកគ្រប់គ្រងជាច្រើន បើទោះបីជាទឹកដីទាំងនោះជាកម្មសិទ្ធិរដ្ឋប៉ាឡេស្ទីនអារ៉ាប់ក៏ដោយ។
មាគ៌ាឆ្ពោះទៅរកឯករាជ្យភាពរបស់ប៉ាឡេស្ទីន គឺកាន់តែស្មុគស្មាញដូចសំបុកពីងពាង ដោយសារតែមិនអាចរួបរួមបាននៃសង្គមប៉ាឡេស្ទីន កង្វះការរួបរួមក្នុងចំណោមបណ្តាបក្សសម្ព័ន្ធនានា កង្វះវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាព និងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកំពុងបន្តដូចភ្លៀងរលឹម ខណៈជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវឯកភាពជាតិ និងចក្ខុវិស័យរួមនៃជោគវាសនាប៉ាឡេស្ទីនទាំងមូលផងដែរ។ យ៉ាងណា ដំណោះស្រាយរដ្ឋពីរដែលគិតគូរក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ជាមួយអ៊ីស្រាអែល នៅតែជាក្របខណ្ឌដែលគាំទ្រដោយអន្តរជាតិសម្រាប់ការដោះស្រាយជម្លោះ និងជាមធ្យោបាយតែមួយគត់ ដើម្បីស្វែងរកសន្តិភាព និងបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
បទ ឈប់ បាញ់ ថ្មី ៗ នេះ រវាង អ៊ីស្រាអែល-ក្រុម ហាម៉ាស ប្រៀបដូចកូនពន្លឺភ្លើងទៀនសម្រាប់ប៉ាឡេស្ទីនក្នុងការប្រកាសឯករាជ្យភាព ខណៈកូនពន្លឺមួយនេះងាយផុយស្រួយនឹងរលត់បំផុត ព្រោះដំណើរដ៏ល្វតល្វន់ទន់ជ្រាយរបស់ប៉ាឡេស្ទីន នៅលើមាគ៌ាប្រកាស ឯករាជ្យ នៅតែមានឧបសគ្គជាច្រើនរួមមានទាំងជម្លោះប្រវត្តិសាស្ត្រអ៊ីស្រាអែល-ប៉ាឡេស្ទីន កង្វះការឯកភាពគ្នាលើព្រំដែន (បន្ទាត់ព្រំដែនបែងចែកមិនច្បាស់លាស់) និងបញ្ហាផ្សេងទៀត ដូចជាភាពស្ទាក់ស្ទើររបស់សហគមន៍អន្តរជាតិ ក្នុងការទទួលស្គាល់រដ្ឋឯករាជ្យភាពប៉ាឡេស្ទីនពេញលេញជាដើម ជាពិសេសបញ្ហាប្រេះស្រាំផ្ទៃក្នុងក្នុងសង្គមប៉ាឡេស្ទីនខ្លួនឯង ធ្វើឱ្យរដ្ឋឯករាជ្យពិបាកនឹងប្រសូត្រចេញជាផ្លូវការ។
យ៉ាងណា បើទោះបីជាមានស្រមោលអប្បលក្ខណ៍ជាច្រើនតាមលងបន្លាចប៉ាឡេស្ទីនក៏ដោយ ប៉ុន្តែខ្យល់ដង្ហើមនៃឱកាសទទួលបានឯករាជ្យភាពនៅតែមានសង្ឃឹម ព្រោះថា នៅឆ្នាំ២០២៥នេះ ជាគម្រប់ខួប៨០ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ ដូច្នេះ អង្គការអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ទំនងជាអាចធានាបាននូវដំណោះស្រាយចំពោះជម្លោះរ៉ាំរ៉ៃនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចស្វាគមន៍រដ្ឋប៉ាឡេស្ទីនជាសមាជិកទី១៩៤របស់អង្គការសហប្រជាជាតិ។ នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ អាចជាចំណុចរបត់មួយឆ្ពោះទៅរកពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ា។
ចំពេលរដ្ឋបាលអាម៉េរិកថ្មី លោក ដូណាល់ ត្រាំ កំពុងត្របាញ់ជើងស្វែងរកដំណោះស្រាយរដ្ឋពីរ និងកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា និងស្របពេលរដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ ជាប្រទេសអធិបតេយ្យភាព ដោយប្រទេសចំនួន១៤៦ តំណាងឱ្យ៧៥ភាគរយនៃរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២៤កន្លងទៅ៕

