សម្តេចធិបតី ណែនាំឱ្យរួមគ្នាចែករំលែកតែព័ត៌មានពិតមានប្រភពច្បាស់លាស់ ហើយចៀសវាងការចែករំលែកព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរួមគ្នាចែករំលែកតែព័ត៌មានពិតមានប្រភពច្បាស់លាស់មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយចៀសវាងការចែករំលែកព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែមិនបានជួយដល់បេសកកម្មប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សនោះទេ ប៉ុន្តែ ពេលខ្លះថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និង មុខមាត់នៃប្រទេសជាតិទាំងមូលផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី បានណែនាំឱ្យរួមគ្នាផ្សព្វផ្សាយពីស្ថានភាពពិតរបស់កម្ពុជាអំពីសុវត្ថិភាព និងសន្តិសុខ ដែលមានជាក់ស្តែងនៅក្នុងប្រទេសជាតិយើង ចៀសវាងការបំបាក់ស្មារតីដល់ភ្ញៀវទេសចរ និង ធុរជន អន្តរជាតិ ដែលពុំទាន់ស្គាល់ពីកម្ពុជានៅពេលដែលពួកគេមានបំណងចង់មកធ្វើដំណើរកម្សាន្ត វិនិយោគ និងរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា៕

