ប្រមុខការទូតលោកខាងលិចរួមទាំងសហរដ្ឋអាម៉េរិក ប្រួតគ្នាវាយប្រហារពាក្យសម្តីលើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន នៅកិច្ចប្រជុំអង្គការសន្តិសុខអឺរ៉ុប

វ៉ាឡែត៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ បានប្រួតគ្នាវាយប្រហារដោយពាក្យសម្តីលើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គី ឡាវរ៉ូវ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុបនៅប្រទេសម៉ាល់ត៍។ នេះជាដំណើរ ទស្សនកិច្ច ទៅ សហភាព អឺរ៉ុប ជាលើក ដំបូង សម្រាប់ រដ្ឋមន្ត្រី ការបរទេស រុស្ស៊ី ចាប់ តាំង ពី ការ ឈ្លានពានអ៊ុយក្រែន។
សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាដូសឡាវ ស៊ីគ័រស្គី បាននិយាយនៅក្នុងសុន្ទរកថា៖«សាររបស់ខ្ញុំទៅកាន់គណៈប្រតិភូរុស្សីមានដូចខាងក្រោម៖ យើងមិនទទួលយកការកុហករបស់អ្នកទេ។ យើងដឹងពីអ្វីដែលអ្នកកំពុងធ្វើ។ អ្នកកំពុងព្យាយាមកសាងចក្រភពរុស្ស៊ីឡើងវិញ ហើយយើងនឹងមិនអនុញ្ញាតឱ្យអ្នកធ្វើវាទេ»។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានប្រាប់កិច្ចប្រជុំថា៖«ប្រទេសរបស់លោកកំពុងបន្តតស៊ូដើម្បីសិទ្ធិរបស់ខ្លួនក្នុងការមានវត្តមានលើផែនដី។ ឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ីនៅតុនេះត្រូវតែដឹង អ៊ុយក្រែននឹងឈ្នះសិទ្ធិនេះហើយយុត្តិធម៌នឹងឈ្នះ»។
លោក ស៊ីប៊ីហា បានប្រាប់កិច្ចប្រជុំថា៖«រុស្ស៊ីមិនមែនជាដៃគូទេ ប្រទេសនេះគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខរួមរបស់យើង។ ការចូលរួមរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំ សន្តិសុខ អឺរ៉ុប គឺជាការគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការនៅអឺរ៉ុប»។ ប្រមុខការទូតអ៊ុយក្រែន បានហៅ លោក ឡាវរ៉ូវ ថាជាឧក្រិដ្ឋជនសង្គ្រាម ហើយបានចោទសួរអំពីវត្តមានរបស់លោកនៅក្នុងព្រឹត្តិការណ៍នេះ។
លោក ស៊ីគ័រស្គី លោក ស៊ីប៊ីហា បានចាកចេញពីបន្ទប់មុនពេល លោក ឡាវរ៉ូវ ថ្លែងសុន្ទរកថា ដូចរដ្ឋមន្ត្រីការបរទេសអេស្តូនី និងអ្នកការទូត និងមន្ត្រីមួយចំនួនទៀត ជាកាយវិការមួយដែលបានក្លាយជារឿងធម្មតា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោក ឡាវរ៉ូវ បានចោទប្រកាន់លោកខាងលិចថា បានបង្កជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ហើយបានព្រមានថា ភាពតានតឹងអាចកើនឡើងបន្ថែមទៀត។
លោក ឡាវរ៉ូវ បានប្រដូចស្ថានភាពបច្ចុប្បន្នទៅនឹងសង្គ្រាមត្រជាក់។ លោកបរិយាយថា៖«យើងមិនចង់វាយប្រហារនរណាម្នាក់ទេ។ សហរដ្ឋអាម៉េរិក..កំពុងធ្វើសង្រ្គាមប្រឆាំងនឹងយើងដោយប្រើកងកម្លាំងអ៊ុយក្រែន។ រដ្ឋធានីវ៉ាស៊ីនតោនផ្គត់ផ្គង់អាវុធដល់រដ្ឋធានីកៀវ ហើយជួយអ៊ុយក្រែនឱ្យប្រើអាវុធចម្ងាយឆ្ងាយប្រឆាំងនឹងយើង»។
លោក ឡាវរ៉ូវ ក៏បានដើរចេញ នៅពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក អាន់តូនី ប្លីងខេន ថ្លែងសុន្ទរកថាដែរ។
លោក ប្លីងខេន បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំថា៖«ខ្ញុំសោកស្ដាយដែលមិត្តរួមការងាររបស់យើងគឺលោក ឡាវរ៉ូវ បានចេញពីបន្ទប់ មិនបានផ្តល់ការគួរសមក្នុងការស្តាប់យើង ដូចដែលយើងបានស្តាប់គាត់។ ហើយជាការពិតណាស់ សហសេវិករុស្ស៊ីរបស់យើងមានភាពប៉ិនប្រសប់ក្នុងការធ្វើឱ្យអ្នកស្តាប់លង់ទឹកនៅក្នុងរលកយក្សស៊ូណាមិនៃព័ត៌មានខុស»។
កិច្ចប្រជុំ សន្តិសុខ អឺរ៉ុបចូលរួមដោយរដ្ឋមន្ត្រីការបរទេស និងមន្ត្រីផ្សេងទៀតមកពីរដ្ឋចូលរួមចំនួន៥៧នៅអាម៉េរិកខាងជើង អឺរ៉ុប និងអាស៊ីកណ្តាល ត្រូវបានគ្របដណ្ដប់ដោយការវិលត្រលប់មកសេតវិមានសាជាថ្មីរបស់លោក ដូណាល់ ត្រាំ នាពេលខាងមុខ។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ឡាវរ៉ូវ ទៅកាន់រដ្ឋសមាជិកសហភាពអឺរ៉ុប ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

