ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ និងជោគជ័យគួរជាទីមោទនៈ លើទឹកដីខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ក្នុងឱកាសបិទការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» នារាត្រីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានថ្លែងដោយមោទនភាពក្រៃលែង ដែលមន្ដ្រីបច្ចេកទេសទីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានសហការរៀបចំគ្រប់គ្រង និងសម្របសម្រួលដំណើរការជំរំយុវជន បានប្រកបដោយលទ្ធផលជាផ្លែផ្កាល្អប្រសើរ និងជោគជ័យគួរជាទីមោទនៈ នៅក្នុងទីក្រុងសំរោង និងតាមបណ្តាស្រុកមួយចំនួន ក្នុងរយៈពេល ៤ថ្ងៃ កន្លងមកនេះ ប្រកបដោយផ្លែផ្កា។
តាមរយៈរបៀបវារៈ និងកម្មវិធីនានាក្នុងការបោះជំរំនេះ ឯកឧត្តម មានក្តីសង្ឃឹម និងជឿជាក់ថា ប្អូនៗ ក្មួយៗយុវជន និងប្រតិភូយុវជនទាំងអស់ពិតជានឹងទទួលបាននូវចំណេះដឹង បំណិនជីវិត និងបទពិសោធន៍ការងារក្នុងការរស់នៅបែបជីវិតផ្ទាល់ខ្លួន ជាបុគ្គល ជាគ្រួសារ និងសហគមន៍ ជាមួយនឹងការចងចាំនូវអនុស្សាវរីយ៍វិជ្ជមានល្អៗ នៅពេលដែលប្អូនៗវិលត្រឡប់ទៅតាមបណ្តាប្រទេស រាជធានី ខេត្ត និងតាមសហគមន៍រៀងៗខ្លួន។ មិនតែប៉ុណ្ណោះ ប្អូនៗក៏ត្រូវបន្តនូវប្រពៃណីគោរពស្រឡាញ់ និងដើរតាមគំរូវីរភាពរបស់ អគ្គមគ្គុទ្ទេសក៍ឯក ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បិតាសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន និងរៀមច្បងស្នេហាជាតិទាំងអស់ ព្រមទាំងបណ្តុះនូវស្មារតី ឧត្តមគតិ ថែរក្សាការពារសមិទ្ធផលសន្តិភាព និងវប្បធម៌ផ្សះផ្សារ បង្រួមបង្រួមជាតិ ឯកភាពទឹកដី ឱ្យស្ថិតនៅគង់វង្ស ជានិច្ចនិរន្តរ៍ក្នុងសង្គមជាតិរបស់យើងជារៀងដរាបជាមួយការគោរពស្រឡាញ់ និងជឿជាក់គាំទ្រដល់បេសកកម្មដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់យើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើរបស សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគណៈអធិបតី និងអង្គពិធីទាំងមូលនូវខ្លឹមសារមួយចំនួន ដូចខាងក្រោម៖
១~ សូមយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ចែករំលែក សកម្មភាព មិត្ត-អប់-រំមិត្ត, មិត្ត-ជួយ-មិត្ត ចេះយកអាសារគ្នា ជួយសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
២~ បន្ដពង្រឹងតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងរកដំណោះស្រាយបញ្ហាប្រឈមថ្មីសកល ការងារមនុស្សធម៌ ដើម្បីចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួមគ្នា។
៣~ បន្ដលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពលើវិស័យមនុស្សធម៌ រវាងសមាគមជាតិក្នុងតំបន់ ភូមិភាគ សាខាចងសម្ព័ន្ធភាពជាមួយគ្នា និងសាខា ដែលបានចូលរួម។
៤~ បន្តផ្ដល់ឱកាស គាំទ្រ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិតថ្មីៗសម្រាប់យុវជនអនុវត្ត ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងទៅថ្ងៃអនាគត ជំរុញឱ្យមានការធ្វើការជាក្រុម ស្វ័យសិក្សាពីបំណិតជីវិត ជីវភាពស្នាក់នៅ ហូបចុករួមគ្នាជាក់ស្ដែង។
សូមជម្រាបជូនថា ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងរយៈពេល ៤យប់ ៥ថ្ងៃ នៅលើទឹកដីខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលកម្មវិធីបើកកាលពីល្ងាចថ្ងៃទី២៩ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ថ្ងៃទី៣០ ខែវិច្ឆិកា ជាថ្ងៃទី២នៃជំរំ យុវជនទាំងអស់ បានទទួលឱវាទដោយផ្ទាល់ និងការធ្វើសមាធិ ដឹកនាំដោយ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងចូលរួមដាំដើមឈើប្រណិត ១.៥០០ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
ថ្ងៃទី១ ខែធ្នូ ជាថ្ងៃទី៣នៃជំរំ សមាជិកសមាជិកជំរំ ត្រូវបានបែងចែកជា៣ក្រុម ដើម្បីចុះទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រ និងតាមសហគមន៍ចំនួន៣ ក្នុងនោះគោលដៅទី១ ស្រុកអន្លង់វែង បានទស្សនកិច្ចសិក្សានៅរមនីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួនដូចជា ផ្ទះតាម៉ុក, ស្តូបឈ្នះ ឈ្នះ អន្លង់វែង, តំបន់ប្រវត្តិសាស្ត្រយោធាភ្នំ២០០ សេនាតេជោ, ទីតាំងបូជាសព និងផ្ទះរបស់ ប៉ុល ពត។ បន្ថែមពីប្រតិភូយុវជន ក៏បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងសម្ភាសដោយផ្ទាល់ជាមួយគ្រួសារអតីតយោធិន អំពីជីវិតតស៊ូរបស់ពួកគាត់ក្នុងពេលមានសង្គ្រាម និងសន្តិភាព។ គោលដៅទី២ ស្រុកចុងកាល់ ដើម្បីផ្សព្វផ្សាយពីភាពធន់សហគមន៍ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យចុងកាល់ អប់រំសុខភាព បំណិនជីវិត វិជ្ជាសង្គ្រោះបឋម ដាំបន្លែ និងបាននាំយកសៀវភៅអាន សៀវភៅសរសេរ និងសម្ភារៈសិក្សាមួយចំនួនទៀត ជូនសិស្សដែលមានជីវភាពខ្វះខាត នៅក្នុងវិទ្យាល័យ, ចុះទៅទស្សនាស្ពានបុរាណ «ស្ពានទ័ព រឺ ស្ពានទិព្ធ» និងដាំដើមឈើហូបផ្លែនៅជូនគ្រួសារអតីតយុទ្ធជន នៅភូមិស្រះទឹកតេជោសែនជ័យ ព្រមទាំងទៅទស្សនារមណីយដ្ឋានបឹងអាតោ។ គោលដៅទី៣ ស្រុកបន្ទាយអំពិល ចុះទស្សនកិច្ចសិក្សា ស្វែងយល់ពីការរស់នៅ ពិសេសការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់អ្នកភូមិនៅសហគមន៍ក្នុងភូមិរង្សី, ភូមិតាម៉ា, ភូមិយាយទេព និងភូមិទំនប់ថ្មី ដែលភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ និងត្បាញក្រមា កន្ទេលជាដើម ព្រមទាំងទស្សនៈកិច្ចតំបន់ប្រវត្ដិសាស្ត្រ នៅប្រាសាទតាមន្ដ និងតំបន់ទេសចរណ៍ដីដុះផងដែរ។
ថ្ងៃទី២ ខែធ្នូ ជាថ្ងៃទី៤នៃជំរំ ដែលសមាជិកសមាជិកាជំរំ បាននាំគ្នារត់កម្សាន្តសប្បាយៗចម្ងាយ ២,១២គីឡូម៉ែត្រ នៅសួរច្បារមុខសាលាខេត្ត, ចូលរួមការតាំងពិព័រណ៍និងប្រកួតប្រជែង ការកែច្នៃសំរាមទៅជាវត្ថុប្រើប្រាស់ផ្សេងៗដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក។ ចូលរួមស្តាប់បទបង្ហាញសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗស្តីពីបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត ក្នុងសកម្មភាពមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្តរជាតិ។ពេលរាត្រីជាកម្មវិធីបិទជំរំ និងឈានដល់ថ្ងៃស្អែកនេះ ជាសកម្មភាពរុះរើ សម្អាតបរិស្ថានក្នុងជំរំ ប្រគល់សម្ភារជូនគណៈកម្មការរៀបចំ និងដំណើរវិលនិវត្តទៅកាន់ប្រទេស រាជធានី ខេត្តរៀងៗខ្លួនវិញ៕

