សម្តេចតេជោ ប្ដេជ្ញាកម្ទេចក្រុមជ្រុលនិយមដែលបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំថា មិនញញើតដៃក្នុងការកម្ទេចក្រុមជ្រុលនិយមដែលបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីការពារសុវត្ថិភាពសន្តិសុខសន្តិភាពនៅប្រទេសកម្ពុជា។
ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP-12) នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បដិវត្តន៍ពណ៌ថ្មីៗនេះ គេបានធ្វើនៅបង់ក្លាដែស ហើយគេចង់មកអនុវត្តនៅកម្ពុជាបន្តទៀត។
សម្ដេចតេជោ ប្រធានគណបក្ស បានរំលេចបន្ថែមថា គេមិនធ្វើរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល បើយើងមិនឈ្លាសវៃ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ឈាមខ្មែរនឹងហូរជាថ្មី កម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិ និងការបែកបាក់ជាតិជាថ្មី ៕

