ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង

ម៉ានីល៖ ក្រសួងការបរទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃពុធទី១៣ ខែវិច្ឆិកាថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង។
ក្រសួងបានរាយរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាត់មូលដ្ឋានបានរំលោភលើអធិបតេយ្យភាពហ្វីលីពីន និងបំពានច្បាប់អន្តរជាតិ។ ចំណាត់ការនេះ ធ្វើឡើងតាមការកំណត់របស់ចិន កាលពីថ្ងៃអាទិត្យពីគោលការណ៍មូលដ្ឋានសម្រាប់ដែនទឹកនៅជុំវិញច្រាំងសមុទ្ទ ដែលរដ្ឋធានីប៉េកាំងអះអាងថា ជាកោះ Huangyan។
ច្រាំងថ្មចោទជាចំណុចសំខាន់នៃជម្លោះលើអធិបតេយ្យភាព និងសិទ្ធិនេសាទ។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន លោក ហួង ស៊ីលៀន បាននិយាយកាលពីល្ងាចថ្ងៃពុធថា «ខ្សែបន្ទាត់មូលដ្ឋាន គឺជាការឆ្លើយតបចាំបាច់ ចំពោះច្បាប់ដែនសមុទ្រថ្មីរបស់ប្រទេសហ្វីលីពីន និងជាវិធានការ ដើម្បីពង្រឹងការគ្រប់គ្រងដែនសមុទ្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតចិន នៅក្នុងប្រទេសហ្វីលីពីន»។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើច្បាប់តំបន់សមុទ្រ និងច្បាប់ផ្លូវសមុទ្រប្រជុំកោះទៅជាច្បាប់ ដើម្បីពង្រឹងការទាមទារដែនសមុទ្ររបស់ប្រទេស និងពង្រឹងបូរណភាពទឹកដីរបស់ខ្លួន។ ចិនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនមកសួរនាំភ្លាមៗ បន្ទាប់ពីសកម្មភាពត្រូវបានចុះហត្ថលេខា។
លោក ហួង បានរំលឹកឡើងវិញនូវការជំទាស់របស់ប្រទេសចិន ចំពោះច្បាប់ថ្មីនេះ ដោយព្រមានថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្ទរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត ចិនជំរុញឱ្យហ្វីលីពីនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឯកតោភាគីណាមួយដែលអាចបង្កើនជម្លោះ និងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។
ភាពតានតឹងរវាងចិន និងហ្វីលីពីន ជុំវិញសមុទ្រចិនខាងត្បូង បានកើនឡើងពេញមួយឆ្នាំ ជាពិសេសនៅលើតំបន់ Scarborough Shoal។ ចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង៣ពាន់ពាន់លានដុល្លារអាម៉េរិក ដែលផ្នែកខ្លះត្រូវបានទាមទារដោយប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមផងដែរ៕

