ឯកឧត្តម កូប រ៉លី ចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងព្រឹត្តិការណ៍ «តោះចូលរួមសកម្មភាពដើម្បី SDGs»

ភ្នំពេញ៖ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលរួមថ្លែងនូវសុន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍ «តោះចូលរួមសកម្មភាពដើម្បីSDGs» ដែលរៀបចំដោយកិច្ចសហការគ្នាវាងក្រុមហ៊ុនអ៉ីអន ម៉ល ខេមបូឌា ខូអិលធីឌី និងអង្គការសហប្រជាតិប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា, អង្គការសហប្រជាតិប្រចាំកម្ពុជា, ក្រុមហ៊ុនអ៉ីអន ម៉ល ខេមបូឌា ខូអិលធីឌី និងតំណាងអង្គការ និងក្រុមហ៊ុនមួយចំនួនទៀត ដែលធ្វើឡើងនៅផ្សារទំនើបអ៉ីអន ម៉ល សែនសុខ ស៊ីធី។
ព្រឹត្តិការណ៍នេះបង្ហាញពីការពិភាក្សាជាក្រុមៗ ដោយផ្តោតទៅលើនិរន្តរភាពបរិស្ថាន និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ដែលកត្តាទាំងពីរនេះមានសារៈសំខាន់ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។ តំណាងមកពីរាជរដ្ឋាភិបាល អ្នកជំនាញ និងអ្នកដឹកនាំមកពីអង្គការ និងក្រុមហ៊ុនផ្សេងៗទៀត បានធ្វើការស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហានិរន្តរភាពជាសកល និងជំរុញឱ្យមានវិធានការ និងទំនួលខុសត្រូវក្នុងការធានាថាភពផែនដីរបស់យើងប្រកបដោយនិរន្តរភាព។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើម្បីស្របតាមគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ និងស្របជាមួយគោលនយោបាយជាតិ យុទ្ធសាស្ត្រ ក្របខណ្ឌអន្តរជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលមានស្រាប់ ក្រសួងបរិស្ថានក៏បានបង្កើតនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដោយផ្តោតលើសសរស្តម្ភចំនួន៣ រួមមាន (ភាពស្អាត ភាពបៃតង និងចីរភាព) ក្នុងគោលបំណងបំប្លែងសក្តានុពលនៃវិស័យបរិស្ថាន ដើម្បីជាប្រយោជន៍ដល់ប្រជាជន ធានាការឆ្លើយតបនឹងបរិស្ថានចំពោះការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍន៍បៃតង ដើម្បីក្លាយជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន និងគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានចូលជាធរមានក្នុងខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងធានាការពង្រឹង និងកែលម្អការគ្រប់គ្រងបរិស្ថាន ការការពារ អភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវចម្រុះ សម្បត្តិវប្បធម៌ និងការរស់នៅប្រកបដោយនិរន្តរភាព។
គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការអប់រំ និងជំរុញការផ្លាស់ប្តូរចំណេះដឹងទាក់ទងនឹងតួនាទីសំខាន់ៗនៃ SDGs ក្នុងការបង្កើតអនាគតប្រកបដោយនិរន្តរភាព ៕

