ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត នៅខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត ជាប្រភេទផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែប្រវែង ៩ ១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិត្រពាំងគៀត ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ទៅភ្ជាប់នឹងផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
ខ្សែផ្លូវនេះបានត្រូវបានដាក់ក្នុងផែនការសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងក្រាលបេតុង ហើយនឹងត្រូវចាប់ផ្តើមស្ថាបនានាចុងឆ្នាំ២០២៤នេះក្រោមគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដែលអនុវត្តដោយក្រសួងចំនួន ៣ រួមគ្នាគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម៕

