ឧបនាយករដ្ឋមន្ដ្រី ស សុខា អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤) របស់អង្គការយូណេស្កូ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
ក្នុងនាមកូនខ្មែរមួយរូប ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ពិតជាមានមោទកភាពណាស់ ដែលប្រទេសកម្ពុជា ជាបន្តបន្ទាប់ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណ របាំ ល្ខោន ឧបករណ៍បុរាណ ជាដើម ទាំងនេះជាការលើកមុខមាត់ និងធ្វើឱ្យប្រទេសកម្ពុជា កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សា ការពារប្រាសាទបុរាណទាំងអស់របស់យើង ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ដើម្បីបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញបានស្គាល់ពីស្នាដៃដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរយើងជំនាន់មុន៕

