ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែនគោក ជំនាន់ទី៩ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនាធិការរង និងជា នាយការិយាល័យការពារព្រំដែនគោក កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែនគោក ជំនាន់ទី៩ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥។
តាមរបាយការណ៍វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែនគោក ជំនាន់ទី៩ នៅសាលាពលទាហាន យោធភូមិភាគទី៥ មានសិក្ខាកាម ចំនួន ៧៥ នាក់ រយៈពេលហ្វឹកហ្វឺនរួម ចំនួន ៤៥ ថ្ងៃ។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស បានធ្វើការផ្តាំផ្ញើដល់យោធាចារ្យត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗបង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អការស្នាក់នៅ ធានាការហូបចុកឆ្ងាញ់ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។ កម្មសិក្សាការីត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ។
ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស បានបន្តថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវមានក្នុងអង្គភាព បើមានយោធិនណាប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញពីជួរកងទ័ព។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា និងចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំដើម្បីត្រៀមយថាហេតុសង្រ្គោះប្រជាពលរដ្ឋ។
ជាទីបញ្ចប់ ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះ និងបានឧបត្ថម្ភថវិកា ចំនួន ១០.០០០.០០០រៀល និងបានប្រគល់អំណោយរបស់ ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជេីងគោក រួមមានសម្ភារៈប្រេីប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដល់សាលាពលទាហានទី៥ យោធភូមិភាគទី៥ផងដែរ៕

