សម្ដេចធិបតី៖ បន្ទាប់ពីបុណ្យទន្លេបានបញ្ចប់ដោយជោគជ័យ ខេត្តសៀមរាប មានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៩ ខែមីនានេះ បានបញ្ជាក់ថា បន្ទាប់ពីបុណ្យទន្លេ បានបញ្ចប់ទៅដោយភាពជោគជ័យ ខេត្តសៀមរាបនៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។
សម្ដេចធិបតីបាន អបអរសាទរពិធីបុណ្យទន្លេលើកទី ៨ រយៈពេលបីថ្ងៃនៅលើទឹកដីនៃក្រុងសៀមរាប បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពោរពេញដោយក្តីសប្បាយរីករាយ។
សម្ដេចធិបតីបានបញ្ជាក់ថា ដោយឡែក ខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ ២០២៤ នេះ ក្រសួងទេសចរណ៍បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ ទេសចរអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ៕

