សម្តេចតេជោ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញប្រតិកម្មចំពោះមន្ត្រីមួយរូបដែលពាក់ស្បែកជើង ចូលក្នុងព្រះវិហារដែលជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាសំណួរថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?»
សម្តេចតេជោបានបង្ហោះលើក Facebook ជាមួយខ្លឹមសារទាំងស្រុងថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយ ពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រី ដែលមានឋានៈនោះឡើយ» ៕

