គណៈកម្មការគ្រប់គ្រងល្បែង ព្រមានចាត់វិធានការក្ដៅ ចំពោះប្រតិបត្តិករមានអាជ្ញាបណ្ណល្បែងផ្សងសំណាង ករណីមិនអនុវត្តតាមការណែនាំ

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលហៅកាត់ គ.ល.ក. កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករដែលមានអាជ្ញាបណ្ណល្បែងផ្សងសំណាង ករណីមិនអនុវត្តតាមការណែនាំនឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ។
គណៈកម្មការគ្រប់គ្រងល្បែង បានគូសបញ្ជាក់យ៉ាងដូច្នេះថា តាមការសង្កេតឃើញនៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលួចលាក់ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅលើទីតាំងដែលគ្មានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាត ប៉ុស្តិ៍សេវាល្បែងផ្សងសំណាងពី គ.ល.ក. និងការលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ រួមមាន៖ ឆ្នោតកន្ទុយលេខខេណូ (KENO) និងល្បែងស៊ីសងខុសច្បាប់ដទៃទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាងឱ្យស្របទៅតាមច្បាប់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដាក់ចេញសេចក្តីណែនាំរួមមាន៖ ចំពោះអ្នកកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង និងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមសៀវភៅបន្ទុកស្តីពីលក្ខខណ្ឌនៃការផ្ដល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងតែប៉ុណ្ណោះ។
ត្រូវលើកស្លាកយីហោឱ្យបានត្រឹមត្រូវនៅគ្រប់ទីតាំងអាជីវកម្មបន្ទាប់ពីទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងច្បាប់ដើមនៅទីតាំងក្រុមហ៊ុន ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង។ ត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាតពី គ.ល.ក. ត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីប្រភេទ និងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង និងឧបសម្ព័ន្ធនៃវិញ្ញាបនបត្រចុះបញ្ជីប្រភេទ និងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាងច្បាប់ដើម នៅទីតាំងក្រុមហ៊ុន និងច្បាប់ថតចម្លងបញ្ជាក់ត្រឹមត្រូវពីអគ្គលេខាធិការដ្ឋាននៃគ.ល.ក. នៅទីតាំងសាខាល្បែងផ្សងសំណាង ឬទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង។ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មជំពូកទី៥ «ការត្រួតពិនិត្យ និងការគ្រប់គ្រងប្រតិបត្តិករ ល្បែងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ» ត្រង់មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ និងមាត្រា៥៧។
ក្នុងករណីប្រតិបត្តិករដែលកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង មិនអនុវត្តតាមការណែនាំខាងលើនេះ ឬលួចលាក់បង្កប់ការលេងល្បែងដែលមិនមានការអនុញ្ញាតពី គ.ល.ក. ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវប្រឈមនឹងការពិន័យអន្តរការណ៍អនុលោមតាមអនុក្រឹត្យលេខ ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងឈានដល់ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ ល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង និងត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជា។
ដោយទ្បែក ចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រងតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំនូវរាល់ សកម្មភាពអាជីវកម្មល្បែងផ្សងសំណាងនៅទូទាំងប្រទេសកម្ពុជា និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលចំពោះប្រតិបត្តិករល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយពីសេចក្ដីណែនាំនេះ។ ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដើម្បីចាត់វិធានការ និងទប់ស្កាត់រាល់ការធ្វើអាជីវកម្មល្បែងផ្សងសំណាង ដែលមិនមានការអនុញ្ញាតពី គ.ល.ក. ក៏ដូចជាដើម្បីចាត់វិធានការតាមបទប្បញ្ញត្តិជាធរមាន លើប្រតិបត្តិករល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយនឹងសេចក្តីណែនាំនេះ៕

