ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១០០នាក់បានរត់គេចពីមន្ទីរឃុំឃាំងម៉ាឡេស៊ី

បរទេស៖ ជនចំណាកស្រុកមីយ៉ាន់ម៉ាជាង ១០០ នាក់បានភៀសខ្លួនចេញពីមណ្ឌលឃុំឃាំងម៉ាឡេស៊ីបន្ទាប់ពីការតវ៉ាដោយមនុស្សម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។
ក្រុមមន្ត្រីបានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០ នាក់មកពីប្រទេសមីយ៉ាន់ម៉ាបានរត់គេចពីកន្លែង Bidor ក្នុងរដ្ឋ Perak ភាគខាងជើងកាលពីយប់ថ្ងៃព្រហស្បតិ៍។
នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសប្រហែល ១១៥ នាក់ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហើយ ១៦ នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ាផ្សេងទៀត។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក Ruslin Jusoh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជាប់ឃុំចំនួន ១៣១ នាក់បានរត់គេចខ្លួនចេញពីមជ្ឈមណ្ឌលមួយក្នុងរដ្ឋ Perak កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
មេប៉ូលិសស្រុក Mohamad Naim Asnawi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានជាតិ Bernama ដោយបញ្ជាក់ថា ជនអន្តោប្រវេសន៍បានរត់គេចពីប្លុកបុរស បន្ទាប់ពីកុបកម្មបានផ្ទុះឡើងនៅមជ្ឈមណ្ឌលឃុំឃាំង។
នេះជាលើកទី២ហើយដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានភៀសខ្លួនចេញពីមណ្ឌលឃុំខ្លួនបណ្តោះអាសន្នក្នុងប្រទេសម៉ាឡេស៊ី។
នៅឆ្នាំ២០២២ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥២៨ នាក់បានតវ៉ា និងរត់ចេញពីកន្លែងឃុំឃាំងនៅភាគខាងជើងរដ្ឋ Penang។ ប្រាំមួយនាក់បានបាត់បង់ជីវិតពេលឆ្លងកាត់ផ្លូវហាយវេ ហើយភាគច្រើននៃអ្នករត់គេចខ្លួនត្រូវបានចាប់ខ្លួនឡើងវិញ។
ម៉ាឡេស៊ី ជាប្រទេសដែលមិនទទួលស្គាល់ឋានៈជាជនភៀសខ្លួន ធ្លាប់ជាកន្លែងជ្រកកោនដ៏ពេញនិយមសម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលរត់គេចពីការគៀបសង្កត់ក្នុងប្រទេសមីយ៉ាន់ម៉ា ឬពីជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមបដិសេធទូកដែលពោរពេញទៅដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហើយបានឃុំខ្លួនរាប់ពាន់នាក់នៅក្នុងកន្លែងឃុំឃាំងដែលមានមនុស្សច្រើនកកកុញ ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់ជនចំណាកស្រុកដែលគ្មានឯកសារ។
ជនមូស្លីមរ៉ូហ៊ីងយ៉ាជិតមួយលាននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានរលកនៃអំពើហឹង្សាដែលចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០១៧ នៅពេលដែលការវាយប្រហារដោយប្រដាប់អាវុធ អំពើហិង្សាទ្រង់ទ្រាយធំ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបានបង្ខំសហគមន៍ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្នុងរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា។
អង្គការសហប្រជាជាតិពិពណ៌នាជនជាតិរ៉ូហ៊ីងយ៉ាថាជា ជនជាតិភាគតិចដែលត្រូវបានគេធ្វើទុក្ខបុកម្នេញបំផុតនៅក្នុងពិភពលោក។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីមបានរស់នៅរាប់សតវត្សមកហើយនៅក្នុងអ្វីដែលឥឡូវនេះជាពុទ្ធសាសនិកច្រើនជាងគេនៅមីយ៉ាន់ម៉ា ដែលពីមុនហៅថាភូមា។ ថ្វីបើពួកគេជាអ្នករស់នៅប្រទេសមីយ៉ាន់ម៉ាជាច្រើនជំនាន់មកហើយក៏ដោយ ក៏ជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបានទទួលស្គាល់ថាជាក្រុមជនជាតិផ្លូវការ ហើយត្រូវបានដកហូតសញ្ជាតិតាំងពីឆ្នាំ១៩៨២ ដែលធ្វើឱ្យពួកគេក្លាយជាសហគមន៍គ្មានរដ្ឋដ៏ធំបំផុតនៅទូទាំងពិភពលោក នេះបើយោងតាម UNHCR។
ប្រភព៖ Independent
ប្រែសម្រួលដោយ៖ ឡាយ លីហួ
