ភ្ញៀវទេសចរ នៅតែអាចទៅកម្សាន្តនៅរមណីយដ្ឋាន អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិលបានដដែល

ភ្នំពេញ៖ រមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល គឺជារមណីយដ្ឋានបង្កើត ឡើងដោយសហគមន៍កាលពីឆ្នាំ២០០២ ស្ថិតនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
រមណីយដ្ឋានអេកូទេសចរណ៍នេះ មានបម្រើសេវា កម្មទេសចរណ៍ជូនភ្ញៀវជិះទូកទស្សនាសត្វផ្សោតទន្លេមេគង្គ និងបោះតង់សម្រាកកម្សាន្ត លើវាលខ្សាច់តាមកោះនានាបានផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
លោកឱ្យដឹងថា កាលមុនឆ្នាំ១៩៩៣ នៅក្នុងតំបន់អន្លង់ផ្សោតព្រះរំកិលនេះ មានដើម ឈើទាល តូច-ធំ ដែលមានអាយុរាប់រយឆ្នាំ ជាច្រើនដើម ដុះលើច្រាំងទន្លេ ទើបអ្នកស្រុក ហៅទីនេះថា «អន្លង់ឈើទាល» បច្ចុប្បន្ននេះ មិនមានដើមឈើទាល នៅសេសសល់ ទៀតឡើយ។ ទោះជាមានឈ្មោះថា «អន្លង់ផ្សោត» ប៉ុន្តែ អន្លង់ផ្សោតព្រះរំកិលនេះ ពុំមានសត្វផ្សោតរស់នៅច្រើនឡើយ។
មុនឆ្នាំ២០២១ មានសត្វផ្សោតតែ ៣ក្បាលប៉ុណ្ណោះ រស់នៅទីនេះ។ តែគួរឱ្យសោកស្តាយ ដោយមានការរំខានទីជម្រកពីសំណាក់អ្នកនេសាទ និងការប្រែប្រួលលំហូរទឹក ពីទំនប់វារិអគ្គិសនី បានបណ្តាលឱ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់ ហើយអំឡុងខែមិថុនា ឆ្នាំ២០២១ សត្វផ្សោតញីដែលនៅសេសសល់ចុងក្រោយទម្ងន់ ១៨០គីឡូក្រាម ប្រវែង ២៣០សង់ទីម៉ែត្រ ក៏បានងាប់បន្តទៀត ដោយសារជាប់ មងអ្នកនេសាទ។
ទោះយ៉ាងណា ភ្ញៀវទេសចរក៏នៅតែអាចទៅកម្សាន្ត នៅទីនោះបានដដែល ដោយប្តូរទៅជាការទស្សនាឆ្អឹងសត្វផ្សោត ដែលដាក់តាំង បង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល និងផ្ទាំងរូបភាព ដែលបរិយាយអំពីរឿងនិទាននៃដើមកំណើតសត្វផ្សោត ឬក៏ទទួលយកសេវាកម្មជិះទូក កម្សាន្តមើលដើមឈើធំៗក្នុងទន្លេមេគង្គវិញក៏បាន។
លោក ផយ វណ្ណា បានបន្ថែមថា៖ «សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល មិនត្រូវងាប់តាមផ្សោតឡើយ»៕

