ប្រព័ន្ធគាំពារសង្គមបានបោះជំហានដ៏សំខាន់មួយទៀត តាមរយៈការធ្វើទំនើបកម្មការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ នៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការធ្វើទំនើបកម្មការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍នៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ធនាគារជាតិនៃកម្ពុជា, ធនាគារឯកជន, និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអង្គការសង្គមស៊ីវិលពាក់ព័ន្ធផងដែរ។
សិក្ខាសាលានេះ មានគោលបំណងបង្កើតជាវេទិកាពិភាក្សា និងសិក្សាពីឧត្តមានុវត្តន៍ និងនិម្មាបកម្មអន្តរជាតិនៃការអភិវឌ្ឍប្រព័ន្ធបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ពីរដ្ឋាភិបាលទៅប្រជាជន (Government-to-person) និងក៏ជាវេទិកាមួយដែលថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីបណ្តាក្រសួង-ស្ថាប័ន, ធនាគារ, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ, និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ រួមគ្នាពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ ឈានទៅរៀបចំឯកសារទស្សនាទាន និងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍម៉ូឌុលបើកផ្តល់កញ្ចប់អត្ថប្រយោជន៍បែបសមាហរ័ណ ក្នុងការអភិវឌ្ឍថ្នាលគាំពារសង្គមឌីជីថល ដែលជាជំហានសំខាន់ទី២ នៃបរិវត្តកម្មឌីជីថលក្នុងប្រពន្ធគាំពារសង្គមកម្ពុជា បន្ទាប់ពីការដាក់ឱ្យដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម កាលពីពាក់កណ្ដាលឆ្នាំ២០២៣ កន្លងទៅ។
សូមជម្រាបជូនថា “ប្រព័ន្ធបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ពីរដ្ឋាភិបាលទៅប្រជាជនជំនាន់ទី៤ ឬ G2P 4.0” នេះ ជាជំហានដ៏សំខាន់មួយទៀត ក្នុងរបៀបវារៈគាំពារសង្គមឌីជីថល ដែលបច្ចុប្បន្នប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធជំនួយសង្គម បាន និងកំពុងប្រតិបត្តិ ការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍តាមរយៈនិម្មាបនកម្ម G2P 2.0 ដែលការបើកផ្តល់ធ្វើឡើង រវាងប្រតិបត្តិករគាំពារសង្គមមួយ ទៅកាន់អ្នកផ្តល់សេវាទូទាត់សងប្រាក់មួយទៀត។
យោងតាមឧត្តមានុវត្តន៍អន្តរជាតិ ការកសាងនូវប្រព័ន្ធបើកផ្តល់កញ្ចប់អត្ថប្រយោជន៍មួយដែលមានចរិតលក្ខណៈសមាហរ័ណ ស្របតាមនិម្មាបនកម្ម G2P 4.0 អាចផ្តល់លទ្ធភាពជូនដល់ប្រតិបត្តិករគាំពារសង្គមទាំងអស់ អាចបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ តាមរយៈអ្នកផ្តល់សេវាផ្ទេរប្រាក់ច្រើន ដែលអាចនឹងផ្តល់ភាពបត់បែន និងភាពងាយស្រួលបន្ថែមទៀតដល់អ្នកទទួលផល ព្រមទាំងបង្កើននូវបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
ការសិក្សា និងការរៀបចំឯកសារទស្សនាទាន និងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍម៉ូឌុលបើកផ្តល់កញ្ចប់អត្ថប្រយោជន៍បែបសមាហរណ ស្របតាមអភិក្រម G2P 4.0 នេះ ត្រូវបានអ្នកជំនាញអន្តរជាតិ និងធនាគារពិភពលោក វាយតម្លៃថា ប្រព័ន្ធនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនប្រសិទ្ធភាព, បរិយាបន្ន, និងគណនេយ្យភាពហិរញ្ញវត្ថុ ជាពិសេសរំហូរប្រតិបត្តិការនៃការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ក្នុងប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គមនៅកម្ពុជា។
សូមជម្រាបជូនថា កន្លងមក រាជរដ្ឋាភិបាលដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាសេនាធិការ បានគាំទ្ររបៀបវារៈគាំពារសង្គមឌីជីថល ដោយដាក់ចេញនូវទស្សនាទាន និងគំនិតផ្តួចផ្តើមជា ៣ ដំណាក់កាលសំខាន់ៗ គឺ៖ ដំណាក់កាលទី១. ការកសាងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម, ដំណាក់កាលទី២. ការកសាងថ្នាលឌីជីថលសម្រាប់ការផ្តល់សេវាគាំពារសង្គម, និង ដំណាក់កាលទី៣. ការកសាងប្រព័ន្ធអន្តរប្រតិបត្តិការ អេកូឡូស៊ីរួម។
បច្ចុប្បន្ននេះ ការអនុវត្តការងារក្នុងដំណាក់កាលទី១ បាន និងកំពុងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ តាមរយៈការធ្វើសមាហរណកម្មប្រព័ន្ធចុះបញ្ជីរួមសាកល្បង និងកំពុងត្រូវបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម មួយដ៏ជាក់លាក់ ៕

