ក្រុមយុវជនមកពីគ្រួសារក្រីក្រថា វគ្គជំនាញបច្ចេកទេសរបស់រដ្ឋាភិបាល មានភាពទាក់ទាញក្នុងការរៀនសូត្រ

ភ្នំពេញ៖ ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានលើកឡើងថា វិធីសាស្រ្តក្នុងការបង្រៀននៅក្នុងថ្នាក់ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលគឺមានភាពទំនើប និងទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យខិតខំរៀនសូត្រ សិក្ខាកាមអាចទទួលបានទាំងទ្រឹស្តី និងជំនាញពិតបន្ទាប់ពីការសិក្សារយៈពេល៤ខែនៃកម្មវិធីនេះ។
ឈឿង សុគន្ធា ជាយុវតីមកខេត្តបាត់ដំបង ដែលបានចុះឈ្មោះរៀនជំនាញក្រាហ្វិកឌីសាញដោយកុំព្យូទ័រនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបានលើកឡើងថា៖«ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះគឺល្អណាស់ គ្រូបង្រៀនពន្យល់ទ្រឹស្តី បូករួមទាំងការអនុវត្តន៍ផ្ទាល់ជាក់ស្តែងថែមទៀត។ ដូចខ្ញុំចឹង ខ្ញុំរៀនក្រាហ្វិកឌីសាញដោយកុំព្យូទ័រ ខ្ញុំទទួលបានការអនុវត្តន៍ផ្ទាល់សឹងរាល់ថ្ងៃ»។
យុវតីរូបនេះបន្តថា ការរៀនជំនាញវិជ្ជាជីវៈរបស់ខ្លួនក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះមានភាពល្អប្រសើរច្រើនទាំងមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ មូលដ្ឋានគ្រឹះនៃការប្រើប្រាស់កម្មវិធីឌីសាញ (Photoshop) និងកម្មវិធីក្រាហ្វិកផ្សេងៗទៀត ហើយរូបគេសង្ឃឹមថានឹងយល់បន្ថែមលើកម្មវិធីកុំព្យូទ័រជាច្រើនផ្សេងទៀត។
យុវជន រ៉ា សុភាព ដែលជាសិក្ខាកាមម្នាក់ទៀតដែលបានចុះឈ្មោះចូលរៀនជំនាញបរិក្ខាត្រជាក់នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មកពីខេត្តកណ្តាលថា៖«ខ្ញុំរៀនជំនាញបរិក្ខាត្រជាក់ ហើយការបណ្តុះបណ្តាលក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះខ្ញុំបានទៅអនុវត្តន៍ផ្ទាល់លើការជួសជុលម៉ាស៊ីនត្រជាក់រួចហើយ បន្ទាប់ពីមានការពន្យល់ទ្រឹស្តីដ៏ល្អក្នុងថ្នាក់»។
យុវជនរូបនេះបន្ថែមជំនាញផ្នែកជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មគឺរៀនដូចពេលចេញធ្វើការដូច្នេះដែរ ពីព្រោះគ្រូបង្រៀនបង្ហាត់បង្ហាញដោយមានឧបករណ៍មកពន្យល់ជាក់ស្តែង ហើយសិស្សអាចស្វែងយល់ដោយផ្ទាល់បានយ៉ាងល្អនៅក្នុងថ្នាក់។
យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមនៅរាជធានីភ្នំពេញបានចុះឈ្មោះរៀនជំនាញក្រាហ្វិកឌីសាញដោយកុំព្យូទ័រនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានក្តីរំពឹងថាតាមរយៈការបង្រៀនដោយយកចិត្តទុកដាក់ បូករួមទាំងការអនុវត្តន៍ផ្ទាល់នៅក្នុងសាលានេះ រូបគេសង្ឃឹមថានឹងទទួលបានជំនាញមួយប្រកបដោយគុណភាព អាចរកការងារធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៤ខែខាងមុខ។
យុវតីរូបនេះបង្ហាញចំណាប់អារម្មណ៍ថាការបង្រៀនប្រកបដោយភាពទាក់ទាញនេះនឹងធ្វើឱ្យសិក្ខាកាមមានចិត្តចង់សិក្សា និងខិតខំរៀនសូត្រដើម្បីស្រូបយកចំណេះជំនាញពីគ្រូបង្រៀនធ្វើយ៉ាងណាអាចរៀនចប់ប្រកបដោយសមត្ថភាព និងអាចរកការងារធ្វើបានល្អប្រសើរនាពេលខាងមុខ។
គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ៕

