សាលាគុនកម្ពុមហាវេទបើកប្រកួតប្រដាល់ថ្នាលគុនខ្មែរផ្តល់ឱកាសឱ្យកីឡាករថ្មីៗបញ្ចេញសមត្ថភាពដកស្រង់បទពិសោធន៍

ភ្នំពេញ៖ សាលាគុនកម្ពុមហាវេទដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងទា, សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ កាលពីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំការប្រកួតប្រដាល់ថ្នាលគុនខ្មែរលើកទី៣ ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជន បន្ទាប់ពីពួកគេហ្វឹកហាត់ក្បាច់គុនខ្មែរអាចបញ្ចេញសមត្ថភាព និងដកស្រង់បទពិសោធន៍លើសង្វៀនជាក់ស្តែង។
ឯកឧត្តមទេព វិរៈទីប្រឹក្សាក្រសួងមហាផ្ទៃ និងជានាយកសាលាគុនកម្ពុមហាវេទបានប្រាប់វិទ្យុជាតិកម្ពុជា ក្នុងឱកាសនោះថា នេះជាលើកទីបីហើយ ដែលសាលាគុនរបស់ឯកឧត្តមបានរៀបចំប្រដាល់ថ្នាលគុនខ្មែរបែបនេះ ។ ការប្រកួតលើកទី៣នេះមានចំនួន៦គូ កីឡាករមកពីក្លឹបប្រដាល់ផ្សេងគ្នា។
គូទី១កីឡាករហៀងម៉េងមកពីក្លឹបតាឡីដំរីមានរិទ្ធ និងកីឡាករ ជុន សំអាងមកពីក្លឹបអគ្គបញ្ជាការដ្ឋានដឹកជញ្ជូនលេខ៩០ ប្រកួតក្នុងប្រភេទទម្ងន់៣១គីឡូក្រាម ។
គូទី២៖កីឡាករយឿន វាសនាមកពីក្លឹបអគ្គបញ្ជាការដ្ឋានកងកាំភ្លើងធំនិងកីឡាករជុន សុភី មកពីក្លឹបអគ្គបញ្ជាការដ្ឋានដឹកជញ្ជូនលេខ៩០ ប្រកួតក្នុងប្រភេទទម្ងន់៣១គីឡូក្រាម។
គូទី៣ កីឡាករជ្លូច រតនា មកពីក្លឹបតាឡីដំរីមានរិទ្ធ និងកីឡាករ ផានិត រីវ៉ា មកពីក្លឹបសុវណ្ណកុមារប្រកួតក្នុងប្រភេទទម្ងន់៤២គីឡូក្រាម។ គូទី៤ កីឡាករស្រស់បញ្ញា មកពីក្លឹបសុភានូមានជ័យ និងកីឡាករថុល ណារ៉េត មកពីក្លឹបជួន សំណាងគុនខ្មែរប្រកួតក្នុងប្រភេទ៤៨គីឡូក្រាម។ គូទី៥ កីឡាការិនី ផានិតដាលី មកពីក្លឹបសុវណ្ណកុមារ និងកីឡាការិនីរិទ្ធ ស្រីដែន មកពីក្លឹបធីណារិទ្ធគុនខ្មែរប្រកួតក្នុងប្រភេទ៤៨គីឡូក្រាម និង គូទី៦ គឺកីឡាករជុំ បញ្ញា មកពីក្លឹបជួនសំណាងគុនខ្មែរ និងកីឡាករធូយ គឹមជឿនមកពីក្លឹបសុភានូមានជ័យ ប្រកួតក្នុងប្រភេទ៤៥គីឡូក្រាម។
ឯកឧត្តមទេព វិរៈបញ្ជាក់ថា ការប្រកួតកីឡាមានចាញ់មានឈ្នះជារឿងធម្មតា ប៉ុន្តែសម្រាប់ការប្រកួតថ្នាលគុនខ្មែរនេះ បានផ្តល់បទពិសោធន៍យ៉ាងច្រើនដល់កីឡាករជំនាន់ក្រោយជាពិសេសបានបញ្ចេញសមត្ថភាពប្រកួតលើសង្វៀនជាក់ស្តែងដើម្បីឈានទៅជាកីឡាករប្រដាល់អាជីពនាពេលអនាគត។
សូមបញ្ជាក់ថា កីឡាករទាំង១២រូប ដែលចូលរួមប្រកួតប្រដាល់ថ្នាលគុនខ្មែរលើកទី៣នេះ ទាំងអ្នកឈ្នះ និងចាញ់សុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភពីឯកឧត្តមនាយកសាលាគុនកម្ពុមហាវេទ ពីបណ្តាក្រុមហ៊ុន នានានិងសប្បុរសជនមួយចំនួនផងដែរ៕
