ក្រុម Houthis របស់យេម៉ែនបានព្រមានកប៉ាល់នៅសមុទ្រក្រហម ដើម្បីជៀសវាងការធ្វើដំណើរទៅកាន់ទឹកដីប៉ាឡេស្ទីន

ក្រុងគែរ៖ មន្ត្រីជាន់ខ្ពស់មកពីក្រុម Houthi របស់យេម៉ែន នៅថ្ងៃអង្គារ ទី១២ ខែធ្នូ បានព្រមាននាវាដឹកទំនិញនៅសមុទ្រក្រហម ដើម្បីជៀសវាងការធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ បន្ទាប់ពីក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់បានអះអាងការវាយប្រហារលើនាវាដឹកប្រេងកាលពីព្រឹកមិញ។
ក្រុម Houthi មុននេះបានឲ្យដឹងថា ពួកគេបានវាយប្រហារនាវាដឹកប្រេងរបស់ប្រទេសន័រវេសដោយកាំជ្រួចមួយនៅក្នុងការតវ៉ាចុងក្រោយរបស់ពួកគេប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ដោយគូសបញ្ជាក់ពីហានិភ័យនៃជម្លោះដែលបានអង្រួនមជ្ឈិមបូព៌ា។
បន្ថែមពីលើដើម្បីជៀសវាងការឆ្ពោះទៅកាន់ទឹកដីប៉ាឡេស្ទីន កប៉ាល់ដែលឆ្លងកាត់យេម៉ែនគួរតែបើកវិទ្យុ ហើយឆ្លើយតបយ៉ាងរហ័សចំពោះការប៉ុនប៉ងរបស់ Houthi ក្នុងការទំនាក់ទំនង លោក Mohamed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូល Houthi របស់ប្រទេសយេម៉ែនបានបញ្ជាក់នៅក្នុងសារមួយនៅលើ X វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
Al-Houthi ក៏បានព្រមាននាវាដឹកទំនិញប្រឆាំងនឹង ការក្លែងបន្លំអត្តសញ្ញាណរបស់ពួកគេ ឬលើកទង់ជាតិខុសពីប្រទេសដែលជាកម្មសិទ្ធិរបស់ម្ចាស់កប៉ាល់ដឹកទំនិញ។
អ្នកនាំពាក្យយោធា Houthi លោក Yehia Sarea បានលើកឡើងពីមុននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានវាយប្រហារនាវាដឹកប្រេង STRINDA ដោយសារតែវាកំពុងបញ្ជូនប្រេងឆៅទៅកាន់ស្ថានីយអ៊ីស្រាអែល ហើយបន្ទាប់ពីនាវិករបស់ខ្លួនមិនអើពើនឹងការព្រមានទាំងអស់នោះ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
