លោក គី វិសាល៖ សាកលវិទ្យាល័យក្រចេះ តែងតែបើកចំហរទទួលសហការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធការបណ្តុះបណ្តាល

ភ្នំពេញ៖ លោក គី វិសាល សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យក្រចេះ បានលើកឡើងថា សាកលវិទ្យាល័យក្រចេះតែងតែបើកចំហរនូវ ក្នុងការទទួលសហការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល ដែលសកលវិទ្យាល័យក្រចេះកំពុងតែធ្វើ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក គី វិសាល បានមានប្រសាសន៍ថា សាកលវិទ្យាល័យក្រចេះ ជាសាកលវិទ្យាល័យវ័យក្មេងមួយដែលទើបចាប់កំណើត នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមការដាក់សម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងទៅនេះ។
លោកសាកលវិទ្យាថិការរងបញ្ជាក់ថា «គិតមកដល់ពេលនេះសកលវិទ្យាល័យក្រចេះ បានដាក់ឲ្យដំណើរការមានរយៈពេល៦ឆ្នាំ ហើយទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ គឺសាកលវិទ្យាល័យក្រចេះតែងតែបើកចំហរនូវក្នុងការទទួលសហការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល ដែលសកលវិទ្យាល័យក្រចេះកំពុងតែធ្វើ» ។
លោកបន្ថែមថា ទន្ទឹមនឹងនោះផងដែរ ចាប់ពីឆ្នាំ២០១៩ ក៏យើងឃើញថាបរិបទនៃជំងឺឆ្លងសាកលកូវីដ១៩ ក៏ជាកត្តាមួយរាំងស្ទះនូវក្នុងការប្រតិបត្តិការ និងការបណ្តុះបណ្តាល។ ក្រោមការដាក់ចេញនូវវិធានការដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ និងធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ ប្រសើរឡើងវិញនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ដែលធ្វើឱ្យប្រទេសកម្ពុជាទាំងមូលអាចវិលត្រលប់មកភាពដើមនូវក្នុងដំណើរការលើគ្រប់វិស័យ។
លោកគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣នេះ សកលវិទ្យាល័យក្រចេះ បានរៀបចំដៃគូសហការជាមួយស្ថាប័នមួយចំនួនដូចជា៖
ទី១. សកលវិទ្យាល័យក្រចេះ មានដៃគូសហការជាមួយសកលវិទ្យាល័យណាហ្គាស៊ីធីប្រទេសជប៉ុន ទៅលើការស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងត្រីកំពត នៅសកលវិទ្យាល័យក្រចេះជារៀងរាល់ឆ្នាំ។
ទី២. សកលវិទ្យាល័យក្រចេះ មានដៃគូសហការជាមួយសកលវិទ្យាល័យប្រទេសហ្វីលីពីន ទៅការបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស។
លោកបានឲ្យដឹងទៀតថា ក្រៅពីប្រទេសហ្វីលីពីន សកលវិទ្យាល័យក្រចេះក៏មានការសហការជាមួយនឹង ដៃគូអភិវឌ្ឍន៍នៅក្នុងស្រុកមាន អង្គការ GIZ ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកទេសទៅដល់និស្សិតរបស់យើងដើម្បីសរសេរបញ្ចប់សរណៈបទចំនួន ៦នាក់ផងដែរ ៕
