ប្រមុខរាជរដ្ឋាភិបាល៖ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ច ត្រូវខិតខំយកអស់កម្លាំងកាយចិត្ដ ដើម្បីជួយដល់គាត់គ្រប់គ្នា ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ ខែតុលានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ពាក់ព័ន្ធនឹងកិច្ចការងារក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ នៅក្នុងប្រព័ន្ធនិយមន័យសេដ្ឋកិច្ច គឺមានភាពលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្ដែអ្វីដែលដូចគ្នា គឺទាំងក្រៅប្រព័ន្ធ-ទាំងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលយើងមានកាតព្វកិច្ច ត្រូវខិតខំយកអស់កម្លាំងកាយចិត្ដ ដើម្បីជួយដល់គាត់គ្រប់គ្នា នេះជាគោលដៅធំ របស់រាជរដ្ឋាភិបាល»។
សម្តេចធិបតី បានលើកឡើងថា ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ពិតណាស់លទ្ធភាពរបស់គាត់ អាចរករបរប្រកបជីវិតតូចតាច ប៉ុន្ដែគាត់ក៏ជាកម្លាំងចលករមួយធំ សម្រាប់សេដ្ឋកិច្ចជាតិ។ សម្ដេចថា នៅទូទាំងពិភពលោក ជាង៧០ភាគរយ នៃការបង្កើតការងារ គឺនៅក្រៅប្រព័ន្ធ ហើយនៅកម្ពុជា ក៏ដូចគ្នាទំហំនៃការគិតគូរនេះ គឺសំខាន់។
សម្តេចធិបតីបន្ថែមថា នៅក្នុងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបទពិសោធន៍របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលក្ខណៈតូចតាចនេះ គឺជាប្រជាជនងាយរងគ្រោះបំផុត នៅក្នុងការប៉ះពាល់ ដោយបញ្ហាសេដ្ឋកិច្ច និងបញ្ហាវិបត្ដិផ្សេងៗ។ សម្តេចថា ជាក់ស្ដែង នៅជំនាន់កូវីដ-១៩ យើងបានឃើញថា ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលមានជីវភាពតូចតាច ជាពិសេសប្រជាពលរដ្ឋ នៅក្រៅប្រព័ន្ធ គឺងាយស្រួលណាស់ នៅក្នុងការរងគ្រោះ។
សម្តេចធិបតី បន្ដថា គោលការណ៍អាទិភាព របស់រាជរដ្ឋាភិបាល តាំងពីអាណត្ដិទី៦ និងអាណត្ដិមុនៗ ហើយអាណត្ដិទី៧នេះ គឺជាគោលដៅអាទិភាព សម្រាប់រាជរដ្ឋាភិបាល នៅក្នុងការចាត់ចែងនូវវិធានការផ្សេងៗជាបន្ទាន់ ដើម្បីជួយឲ្យបាន គឺបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងលំបាក ដែលនេះ ជាគោលការណ៍សំខាន់ ៕
