ប្រម៉ង់ ជាប្រភេទរងគ្រោះតិចតួចនៅលើពិភលោក ហើយនៅកម្ពុជា មានវត្តមាននៅតាមដងទន្លេធំៗ តំបន់ឆ្នេរសមុទ្រ និងតាមត្រពាំងធំៗ

ភ្នំពេញ៖ ប្រម៉ង់ មានឈ្មោះវិទ្យាសាស្ត្រ Pandion haliaetus ជាប្រភេទរងគ្រោះតិចតួច (LC) លើពិភលោក ក្នុងបញ្ជីក្រហម IUCN វាជាប្រភេទទេសន្តរប្រវេសន៍ នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅតាមដងទន្លេធំៗ តំបន់ឆ្នេរសមុទ្រ តាមត្រពាំងធំៗ ដូចជាតំបន់ទន្លេសាប តាមដងទន្លេមេគង្គ និងអាងត្រពាំងថ្មជាដើម។
វាជាប្រភេទសត្វដែលស៊ីសាច់ជាអាហារដែលមានមាឌធំ ហើយចូលចិត្តស៊ី និងចាប់ត្រីដោយក្រញាំជើងរបស់វា ជាទូទៅវាតែងតែហើរសំកាំងពីលើផ្ទៃទឹក។
ឈ្មោលមានពណ៌ត្នោតក្រម៉ៅផ្នែកខាងលើ ក្បាល និងផ្នែកខាងក្រោមស មានឆ្នូតខ្មៅកាត់តាមភ្នែក និងមានឆ្នូតតូចៗ នៅលើទ្រូង។ ញីមានបង្កង់ទ្រូងធំជាង ស្លាបមានរាងតូចជាង និងគម្របស្លាបផ្នែកខាងក្រោមពណ៌ស៕
ប្រភព៖ សៀវភៅកម្ពុជាមាតុភូមិខ្ញុំ
