បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងភាពសុខសាន្តសម្បូរសប្បាយរុងរឿង ដូចពេលបច្ចុប្បន្ន។
ឯកឧត្ដមមានប្រសាសន៍បែបនេះ នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាតថភាពជាក់ស្តែង, យើងបានដឹងទាំងអស់គ្នា ជាពិសេសអ៊ំពូមីងជាអតីតយុទ្ធជន គឺបានជ្រាបច្បាស់ថា នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានដឹកនាំរដ្ឋប្រហារទម្លាក់ព្រះបាទព្រះបរមរតនកោដ្ឋ ដោយបានធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបាននាំប្រទេសជាតិឱ្យដើរថយក្រោយពីសម័យកាលរីកចម្រើន ទៅជាសម័យកាលនៃការបំផ្លិចផ្លាញដោយសារសង្គ្រាម និងឈានរហូតដល់ការកាប់សម្លាប់ប្រជាជនដោយគ្មានត្រាប្រណី នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះ បានបន្សល់ទុកនូវការបែកបាក់ព្រាត់ប្រាសក្រុមគ្រួសារ និងវិនាសកម្មជាច្រើន ហើយពិតណាស់ គឺអ៊ំពូមីងអតីតយុទ្ធជន និងគ្រួសារពលី-មរណៈ និងពិការទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ប្រាកដជាចងចាំអតីតកាលដ៏ឈឺចាប់ខ្លោចផ្សានេះគ្មានថ្ងៃបំភ្លេចបាន ។
ឯកឧត្តម បណ្ឌិត បន្ថែមថាដូចនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំនូវអតីតកាល ដែលជាតិខ្មែរធ្លាប់រងគ្រោះ ហើយត្រូវខិតខំធ្វើយ៉ាងដើម្បីដើរចៀសឱ្យផុតពីសង្គ្រាម និងជម្លោះបែកបាក់ ព្រមទាំងរួមសាមគ្គីគ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕

