បណ្ឌិត ហ៊ុន ម៉ាណែត៖ សាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នាមិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសឡើយ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នាក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេស នោះឡើយ។
ឯកឧត្ដមមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល៕
