សម្តេចតេជោ៖ ការចងក្រងសមាគមឧកញ៉ា ជាគោលបំណងរបស់សម្តេច ដើម្បីធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការចងក្រងសមាគមឧកញ៉ាកម្ពុជា គឺជាការធ្វើឡើងស្របតាមគោលបំណងរបស់សម្តេច ដើម្បីចងក្រងគ្នាធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សម្តេចតេជោ មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok នាល្ងាចថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ក៏បានថ្លែងនូវការកោតសរសើរដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានប្រឹងប្រែងធ្វើកិច្ចការមួយនេះបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏ប្រកាសផ្តល់ទំនុកចិត្តដល់អ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់ការវាយតម្លៃ ដើម្បីផ្តល់បណ្ណសរសើរ និងគ្រឿងឥស្សរយសសម្រាប់កិច្ចខិតខំប្រឹងរបស់សមាជិកសមាគមដល់ចំពោះជាតិ និងប្រជាជន ៕
