ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់ នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ រាជរដ្ឋាភិបាលកម្ពុជា នឹងចុះហត្ថលេខាលើការ សិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១.៣៥ប៊ីលានដុល្លារអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត កាន់តែវែងឆ្ងាយទៅហើយ។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជនកម្ពុជា គេដឹកនាំយ៉ាងម៉េច ហើយយើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ» ៕
